សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រាសទាំងនេះបានបង្កើតការងារស្មើរនឹងចំនួន ៧០% នៃការងារសរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន៥៨%។ ដោយសារមូលហេតុនេះហើយទើបការគាំទ្រតាមតម្រូវការដល់សហគ្រាសធុនតូច និងមធ្យមអោយមានការរីកចម្រើន និងនវានុវត្តន៍គឺជាការសំខាន់ ។ នៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍអាជីវកម្ម អាជីវកម្មខ្នាតតូចតែងជួបបញ្ហាប្រឈមខ្លាំងជាងសហគ្រាសធុនធំក្នុងការទទួលបានហិរញ្ញវត្ថុ។ ដើម្បីរក្សាភាពប្រកួតប្រជែង ទាំងធុរកិច្ចថ្មី និងធុរកិច្ចដែលកំពុងពង្រីកខ្លួនពឹងផ្អែកលើហិរញ្ញវត្ថុខាងក្រៅសម្រាប់នវានុវត្តន៍ ឌីជីថលនីយកម្ម សាកលភាវូបនីយកម្ម និងការពង្រឹងជំនាញផ្សេងៗ។
នៅប្រទេសកម្ពុជា កម្មវិធីផ្តល់ហិរញ្ញប្បទាន ជាទូទៅមិនត្រូវបានផ្តល់ជាមូលនិធិដោយផ្ទាល់ទេ។ កម្មវិធីនេះ ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈអាជ្ញាធរជាតិ ឬអន្តរការីហិរញ្ញវត្ថុ ដូចជាធនាគារ និងគ្រឹះស្ថានវិនិយោគទុនដែលផ្តល់មូលនិធិតាមរយៈឧបករណ៍ហិរញ្ញវត្ថុ។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
គម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនទូទៅអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មី។
គម្រោងហរិញ្ញប្បទានសហគ្រាសធុនតូច គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច ជាគម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានា ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ អត្រាការប្រាក់ទាប។
គម្រោងហរិញ្ញប្បទានសហគ្រិនស្ត្រីកម្ពុជា គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តី ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។
គម្រោងហិរញ្ញប្បទានសម្រាប់វិស័យឌីជីថល និងទំនើបកម្ម គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសស្ថិតក្នុងវិស័យឌីជីថល និងទំនើបកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។
គម្រោងសហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍
គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) គឺជាផ្នែកមួយនៃការគាំទ្រសម្រាប់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣”។
ដើម្បីលើកកម្ពស់ និងពង្រឺងឲ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍។
គម្រោង TRCS នឹងគាំទ្រ (ក) ដំណើរការអាជីវកម្មឡើងវិញ (ខ) ការកែលម្អ និងទំនើបកម្ម និង (គ) ការពង្រឹង និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងវិបត្តិក្រោយកូវីដ-១៩។
អតិថិជនគោលដៅនៃគម្រោង TRCS មានដូចជា: (១). អាជីវកម្មសណ្ឋាគារ (២). អាជីវកម្មផ្ទះសំណាក់ (៣). អាជីវកម្មភោជនីយដ្ឋាន (៤). អាជីវកម្មគាំទ្រដល់វិស័យទេសចរណ៍។
សម្រាប់ព័ត៌មានបន្ថែម ឬស្វែងរកគម្រោងហរិញ្ញប្បទានផ្សេងៗ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ធនាគាសហគ្រាសធុនតូច និងមធ្យមកម្ពុជា
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម