ដើម្បីចាប់ផ្តើម និងដំណើរការអាជីវកម្មជោគជ័យ លោកអ្នកត្រូវស្គាល់ពីអតិថិជន និងទីផ្សារគោលដៅ។ ការស្រាវជ្រាវទីផ្សារអាចជួយអ្នកឱ្យយល់ និងធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយអំពីទីផ្សារផលិតផល និងសេវាកម្មរបស់អ្នក។
ការស្រាវជ្រាវទីផ្សារមានទម្រង់ខុសៗគ្នា៖ ចម្បង និងបន្ទាប់បន្សំ។ ការស្រាវជ្រាវចម្បងមានការពាក់ព័ន្ធទៅនឹងការប្រមូលព័ត៌មានសំខាន់តាមរយៈការស្ទង់មតិ កិច្ចសម្ភាសន៍ និងការជជែកជាមួយអតិថិជន (សក្តានុពល) និងអាជីវកម្មដទៃផ្សេងៗទៀត។ ការស្រាវជ្រាវរបស់អ្នកអាចជាលក្ខណះផ្លូវការ ឬក្រៅផ្លូវការ។ ការស្រាវជ្រាវបន្ទាប់បន្សំប្រើប្រាស់ព័ត៌មាន និងទិន្នន័យដែលបានប្រមូល និងវិភាគដោយអ្នកដទៃរួចហើយ។ អ្នកអាចស្រាវជ្រាវទីផ្សាររបស់អ្នកដោយប្រើព័ត៌មាន ដូចជា ស្ថិតិចុះផ្សាយរបស់រដ្ឋាភិបាល និងឯកសារបោះផ្សាយផ្នែកពាណិជ្ជកម្ម។
គោលបំណងសំខាន់នៃការស្រាវជ្រាវទីផ្សារ គឺដើម្បីស្គាល់អតិថិជនគោលដៅរបស់អ្នក។ អ្នកត្រូវស្គាល់អតិថិជនដែលនឹងទិញផលិតផលរបស់អ្នកហើយហេតុអ្វីបានជាគេទិញផលិតផលនោះ? តើអ្វីទៅជាតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ? តើអ្នកអាចឆ្លើយតបនឹងបញ្ហាព្រមទាំងតម្រូវការរបស់អតិថិជនដោយរបៀបណា? តើអតិថិជនសម្រេចចិត្តទិញផលិតផល ឬសេវាកម្មរបស់អ្នកដោយរបៀបណា? តើអ្នកអាចរកឃើញ ឬដឹងថាអតិថិជនសំខាន់ៗនៅទីណា ហើយតើអ្នកនឹងទាក់ទងជាមួយពួកគេដោយរបៀបណា?
អ្នកត្រូវដឹងពីការប្រកួតប្រជែងរបស់អ្នក ដូច្នេះអ្នកអាចទប់ស្កាត់ និងរារាំងគេមិនឱ្យទាក់ទាញយកអតិថិជនរបស់អ្នកបាន។ សូមចងចាំថាការប្រកួតប្រជែងមិនមែនជារឿងអាក្រក់ជានិច្ចនោះទេ។ សូមចងចាំថា ការប្រកួតប្រជែងមិនមែនជារឿងអាក្រក់រហូតនោះទេ ប៉ុន្តែវាមានន័យថាផលិតផល និងសេវាកម្មរបស់យើងមានទីផ្សារ ហើយអតិថិជនស្ម័គ្រចិត្ត ឬហ៊ានចំណាយ។ សូមធ្វើការរៀនសូត្រ ឱ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបានពីរបៀបដែលដៃគូប្រកួតប្រជែងរបស់អ្នកទាក់ទាញអតិថិជន ផ្តល់គុណតម្លៃអ្វីខ្លះដល់អតិថិជន និងមានអ្វីដែលពួកគេនៅខ្វះខាត។
ទន្ទឹមនឹងនេះ សូមពិនិត្យមើលភាពចាល់នៃទីផ្សារ។ អ្នកប្រហែលជាគិតថាហាងកាហ្វេ ឬហាងផ្កានៅក្បែរខាងអ្នក មើលទៅដូចជាគំនិតអាជីវកម្មដ៏អស្ចារ្យ ពីព្រោះវាហាក់ដូចជាមានការរីកដុះដាល តែអ្នកត្រូវពិចារណា៖ តើមានអតិថិជនគ្រប់គ្រាន់សម្រាប់អាជីវកម្មប្រភេទនេះដែរ ឬទេ? ប្រហែលជាទីផ្សារបានចាល់អស់ទៅហើយដោយសារអាជីវកម្មដ៏ច្រើនដែលផ្តល់ជូននូវផលិតផល ឬសេវាកម្មស្រដៀងគ្នា។ ប្រសិនបើអ្នកចង់ចូលទៅក្នុងទីផ្សារចង្អៀត និងមានអាជីវករច្រើនរួចហើយ តើអ្វីជាចំណុចពិសេសរបស់អ្នក ( Unique Selling Proposition)? តើអ្នកនឹងលេចធ្លោ និងខុសពីគេយ៉ាងដូចម្តេច? តើអ្នកនឹងមានសេវាកម្មកាន់តែជំនាញជាងនេះដែរ ឬទេ? តម្លៃទាបជាង? អ្វីដែលគ្មាននរណាម្នាក់អាចផ្តល់ជូនបាន? ការចម្លងតាមអាជីវកម្ម ឬគំនិតអាជីវកម្ម មិនមែនជាវិធីជោគជ័យនោះទេ។ អ្នកត្រូវស្គាល់ពីទំហំ និងចំណែកទីផ្សារ ដែលអ្នកអាចចាប់យកបាន។
ជាគំនិតល្អនៅដំណាក់កាលនេះដែលត្រូវធ្វើតេស្តគំនិត ផលិតផល ឬសេវាកម្មរបស់អ្នក។ ជជែកជាមួយអតិថិជនសក្តានុពល និងទទួលបានមតិប្រតិកម្មរបស់ពួកគេអំពីផលិតផល ឬសេវាកម្មដែលអ្នកបានស្នើផ្ដល់ជូន ហើយមើលថាតើពួកគេចាប់អារម្មណ៍លើវាយ៉ាងដូចម្ដេច និងថាតើពួកគេសុខចិត្តចំណាយប្រាក់លើវាដែរ ឬទេ។ អ្នកអាចធ្វើកិច្ចការនេះបានតាមរយៈការផ្ញើការស្ទង់មតិ ការជជែកដោយផ្ទាល់ ឬនៅលើបណ្តាញសង្គម ការផ្សាយពាណិជ្ជកម្ម ឬការព្យាយាមធ្វើយុទ្ធនាការមុនពេលលក់ដើម្បីវាស់ស្ទង់ការចាប់អារម្មណ៍អតិថិជនទៅលើផលិតផលនោះ។
ប្រសិនបើលោកអ្នកចង់ស្វែងរកការបណ្ដុះបណ្ដាល ឬការសិក្សា ទាក់ទងទៅនឹងការស្រាវជ្រាវទីផ្សារ សូមស្វែងរកតាមរយៈទំព័រ ព្រឹត្តិការណ៍ និងវគ្គបណ្ដុះបណ្ដាល ដែលមានព័ត៌មានជាច្រើនអំពីវគ្គបណ្ដុះបណ្ដាល ការសិក្សាពីចម្ងាយ និងបណ្ណាល័យអនឡាញ។