ការចាប់ផ្តើមអាជីវកម្មថ្មី
ការចាប់ផ្តើមអាជីវកម្មថ្មី
កំណត់ថាតើភាពជាសហគ្រិនស័ក្តិសមសម្រាប់លោកអ្នកដែរ ឬទេ

Step 1:

កំណត់ថាតើភាពជាសហគ្រិនស័ក្តិសមសម្រាប់លោកអ្នកដែរ ឬទេ

តើលោកអ្នកមានក្តីស្រមៃចង់ធ្វើការ​ឯករាជ្យ និងបើកអាជីវកម្មផ្ទាល់ខ្លួនដែរ ឬទេ? ប្រហែលជាលោកអ្នកចង់ក្លាយជាម្ចាស់អាជីវកម្មដោយខ្លួនឯង? ឬ ថាតើលោកអ្នកមានដំណោះស្រាយពិសេសអ្វីមួយឆ្លើយតបទៅនឹងបញ្ហាដែលលោកអ្នកជួបប្រទះនៅជុំវិញខ្លួនដែរឬទេ? បើដូច្នេះមែន ការក្លាយជាសហគ្រិនអាចនឹងសមស្របសម្រាប់លោកអ្នក។ ទោះបី​ជា​យ៉ាងណាក៏ដោយ ការចាប់ផ្តើមអាជីវកម្មមិនងាយស្រួលទេ ហើយលោកអ្នកត្រូវត្រៀមខ្លួនសម្រាប់ការតស៊ូយូរអង្វែងរហូតដល់សហគ្រាសរបស់លោកអ្នកចាប់ផ្តើមរកប្រាក់ចំណេញបាន​។ ក្នុងផ្នែកនេះ យើងសូមផ្តល់ជូនព័ត៌មានដែលលោកអ្នកត្រូវការសម្រាប់ចាប់ផ្តើមអាជីវកម្ម ក៏ដូចជាដំបូន្មានជំនួយសំខាន់ៗ ដើម្បីជួយលោកអ្នកនៅក្នុងដំណើរនៃការប្រកបអាជីវកម្មនេះ។ នៅទីនេះក៏មានអ្នកផ្គត់ផ្គង់សេវា ប្រកបដោយ​វិជ្ជាជីវៈ​ដែលអាចជួយលោកអ្នកនៅ​ក្នុង​ជំហានខ្លះៗ ឬក៏អាចជួយរៀបចំប្រតិបត្តិការទាំងស្រុងតែម្តងដល់លោកអ្នក ក្នុងការចាប់ផ្តើមអាជីកម្មថ្មី។ មុនពេលលោកអ្នកចាប់ផ្តើមអាជីវកម្ម សូម​ពិនិត្យមើលថាតើលោកអ្នកត្រៀមខ្លួនហើយ ឬនៅ៖ ការចាប់ផ្តើមអាជីវកម្ម​មួយទាមទារឱ្យ​មាន​ការខិតខំប្រឹងប្រែង​ និងការប្តេជ្ញាចិត្ត។ ជាការសំខាន់ត្រូវ​ដឹងថាតើមានអ្វីខ្លះដែល​ពាក់ព័ន្ធ​ និងថាតើលោកអ្នកពិតជាស័ក្តិសមនឹងអាជីវកម្ម និងជាអ្នកចង់ធ្វើការឱ្យខ្លួនឯងដែរឬទេ។  យើងសូមណែនាំឱ្យលោកអ្នកចំណាយពេលខ្លះ​ដើម្បីវាយតម្លៃខ្លួនឯង និងស្វែងយល់លម្អិត​ពីបញ្ហាប្រឈមនៃការធ្វើជាម្ចាស់អាជីវកម្ម​ជាមុនសិន។ តើលោកអ្នកពិតជាបាន​ត្រៀមខ្លួនធ្វើ​ជាម្ចាស់អាជីវកម្មហើយមែនទេ? មិនថាលោកអ្នកកំពុងចាប់ផ្តើមអាជីវកម្ម​ថ្មី​ ឬទិញអាជីវកម្ម​បង្កើតស្រាប់​យ៉ាងណានោះទេ លោកអ្នកនឹងត្រូវត្រៀមខ្លួនជាមុន។ សូមពិចារណាលើ​ចំណុច​សំខាន់ៗទាំងនេះដើម្បីប្រាកដថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយ។

សម្រិតសម្រាំងគំនិតរបស់អ្នក

Step 2:

សម្រិតសម្រាំងគំនិតរបស់អ្នក

នៅពេលលោកអ្នកដឹងច្បាស់ថា ដំណើរការអាជីវកម្មរបស់លោកអ្នកឈប់ដំណើរការ ដូច្នេះ​ដល់ពេលដែលលោកអ្នក​ត្រូវពិនិត្យឡើងវិញ និងកែលម្អគំនិតអាជីវកម្មហើយ។ វិធីសាស្ត្រដ៏ល្អមួយដើម្បីបង្កើតផែនការអាជីវកម្ម ដោយមិនចាំបាច់ចំណាយពេលច្រើន និងលម្អិតនោះ គឺការ​ប្រើឧបករណ៍ ដូចជា គំរូអាជីវកម្ម Canvas​ (Business Model Canvas) ។ គំរូអាជីវកម្ម​នេះ​​ផ្តល់ជូនលោក​អ្នកផ្ទាំងរូបភាព មួយទំព័រអំពី​ធាតុសំខាន់ៗនៃអាជីវកម្មរបស់លោកអ្នក និងរបៀបដែលធាតុទាំងនោះ​ធ្វើការជាមួយគ្នា។ លោកអ្នកអាចទាញយកគំរូនេះដោយឥតគិតថ្លៃនៅទីនេះ។ ផ្ទាំងគំរូអាជីវកម្ម​ (Business Model Canvas) ធានាថាលោកអ្នកចាប់ផ្តើមគិតអំពីបេសកកម្ម និងកំណត់តម្លៃរួមសម្រាប់អាជីវកម្មរបស់លោកអ្នកតាំងពីជំហានដំបូង​។ លោកអ្នកនឹងត្រូវគិត និងកត់ចំណាំអំពីចំណុច​សំខាន់ៗ ដូចខាងក្រោម៖ ក្រុម​អតិថិជនតើនរណាជាអតិថិជនរបស់អ្នក? ការផ្ដល់​ជូនដ៏មានតម្លៃតើផលិតផល ឬសេវាកម្មរបស់អ្នកគឺជាអ្វី? តើអ្នកនឹង​ដោះស្រាយបញ្ហាអ្វីខ្លះជូនអតិថិជនរបស់អ្នក? ប្រភព​ចំណូលតើចំណូលរបស់អ្នកមកពីណា? វិធីសាស្រ្តទំនាក់ទំនងតើអ្នកទាក់ទងជាមួយអតិថិជនរបស់អ្នកដោយរបៀបណា? តើអ្នកប្រគល់ ឬផ្ដល់​ ​ទំនិញ ឬសេវាកម្មរបស់អ្នកយ៉ាងដូចម្តេច? សកម្មភាពសំខាន់ៗតើអ្នកធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃដើម្បីដំណើរការអាជីវកម្មរបស់អ្នក? ធនធានសំខាន់ៗតើនរណាជាបុគ្គលដែលអ្នកត្រូវការ​ តើអ្នកទាំងនោះត្រូវមានជំនាញអីខ្លះ ព្រមទាំងសម្ភារះ និងដើមទុនដើម្បីដំណើរការអាជីវកម្មរបស់អ្នក? ដៃគូសំខាន់ៗតើនរណាជាដៃគូសំខាន់ៗរបស់អ្នកនៅ​ក្នុងដំណើរការអាជីវកម្មរបស់អ្នក? រចនាសម្ពន្ធ​ចំណាយតើចំណាយ​ចម្បងៗរបស់អ្នកមានអ្វីខ្លះ? ព័ត៌មានបន្ថែមអំពីគំរូអាជីវកម្ម Business Model CANVAS សូមចូលទៅកាន់តំណរភ្ជាប់នេះ លោកអ្នកក៏អាចទស្សនាវីដេអូបកស្រាយលម្អិតអំពីគំរូអាជីវកម្ម Business Model CANVAS ជាភាសាខ្មែរតាមរយះវីដេអូដោយ BTVNews Cambodia នៅទីនេះ

ស្រាវជ្រាវទីផ្សារ

Step 3:

ស្រាវជ្រាវទីផ្សារ

ដើម្បីចាប់ផ្តើម និងដំណើរការអាជីវកម្មជោគជ័យ លោកអ្នកត្រូវស្គាល់​ពី​អតិថិជន និងទីផ្សារគោលដៅ។ ការស្រាវជ្រាវទីផ្សារអាចជួយអ្នកឱ្យយល់ និងធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ​អំពីទីផ្សារផលិតផល និងសេវាកម្មរបស់អ្នក។ ការស្រាវជ្រាវទីផ្សារមានទម្រង់ខុសៗគ្នា៖ ចម្បង និងបន្ទាប់បន្សំ​។ ការស្រាវជ្រាវចម្បងមានការពាក់ព័ន្ធ​ទៅ​នឹងការប្រមូលព័ត៌មានសំខាន់​តាមរយៈការស្ទង់មតិ កិច្ច​សម្ភាសន៍ និងការជជែក​ជាមួយអតិថិជន (សក្តានុពល) និងអាជីវកម្មដទៃផ្សេងៗទៀត។ ការស្រាវជ្រាវរបស់អ្នកអាចជាលក្ខណះផ្លូវការ ឬក្រៅផ្លូវការ។ ការស្រាវជ្រាវបន្ទាប់បន្សំប្រើប្រាស់ព័ត៌មាន និងទិន្នន័យដែលបានប្រមូល និងវិភាគដោយអ្នកដទៃរួចហើយ។ អ្នកអាចស្រាវជ្រាវទីផ្សាររបស់អ្នកដោយប្រើព័ត៌មាន ដូចជា ស្ថិតិចុះផ្សាយរបស់​រដ្ឋាភិបាល និងឯកសារបោះផ្សាយផ្នែក​ពាណិជ្ជកម្ម។ វាយតម្លៃអតិថិជន​​គោលដៅរបស់លោកអ្នក គោលបំណងសំខាន់នៃការស្រាវជ្រាវទីផ្សារ គឺដើម្បីស្គាល់អតិថិជនគោលដៅរបស់អ្នក។ អ្នកត្រូវស្គាល់អតិថិជន​ដែល​នឹងទិញផលិតផលរបស់អ្នកហើយហេតុអ្វីបានជាគេទិញផលិតផលនោះ? តើអ្វីទៅជាតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ? តើអ្នកអាចឆ្លើយតបនឹងបញ្ហាព្រមទាំងតម្រូវការរបស់អតិថិជនដោយរបៀបណា? តើអតិថិជនសម្រេចចិត្តទិញផលិតផល ឬសេវាកម្មរបស់អ្នកដោយរបៀបណា? តើអ្នកអាចរកឃើញ ឬដឹងថាអតិថិជនសំខាន់ៗនៅទីណា ហើយតើអ្នកនឹងទាក់ទងជាមួយពួកគេដោយរបៀបណា? ស្រាវជ្រាវការប្រកួតប្រជែង និងតិត្ថិភាពនៃ​ទីផ្សារ (ភាពចាល់នៃទីផ្សារ) អ្នកត្រូវដឹងពីការប្រកួតប្រជែងរបស់អ្នក ដូច្នេះអ្នកអាចទប់ស្កាត់ និងរារាំងគេមិនឱ្យទាក់ទាញយកអតិថិជនរបស់អ្នកបាន។ សូមចងចាំថាការប្រកួតប្រជែងមិនមែនជារឿងអាក្រក់ជានិច្ច​នោះទេ។ សូមចងចាំថា ការប្រកួតប្រជែងមិនមែនជារឿងអាក្រក់រហូតនោះទេ​ ប៉ុន្តែវាមានន័យថាផលិតផល និងសេវាកម្មរបស់យើងមានទីផ្សារ ហើយអតិថិជនស្ម័គ្រចិត្ត ឬហ៊ានចំណាយ។ សូមធ្វើការរៀនសូត្រ ឱ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅ​បានពីរបៀបដែលដៃគូប្រកួតប្រជែងរបស់អ្នកទាក់ទាញអតិថិជន ផ្តល់គុណតម្លៃអ្វីខ្លះដល់​អតិថិជន និងមានអ្វីដែលពួកគេនៅខ្វះខាត។​ ទន្ទឹមនឹងនេះ សូមពិនិត្យមើលភាពចាល់នៃ​ទីផ្សារ។ អ្នកប្រហែលជាគិតថាហាងកាហ្វេ ឬហាងផ្កានៅក្បែរខាង​អ្នក មើលទៅដូចជាគំនិតអាជីវកម្មដ៏អស្ចារ្យ ពី​ព្រោះវាហាក់ដូចជាមានការរីកដុះដាល ​តែអ្នកត្រូវពិចារណា៖ តើមានអតិថិជនគ្រប់គ្រាន់សម្រាប់អាជីវកម្មប្រភេទនេះដែរ ឬទេ? ប្រហែលជាទីផ្សារបានចាល់​អស់ទៅហើយ​ដោយសារអាជីវកម្មដ៏​ច្រើនដែលផ្តល់ជូននូវផលិតផល ឬសេវាកម្មស្រដៀងគ្នា។ ប្រសិនបើអ្នកចង់ចូលទៅក្នុងទីផ្សារចង្អៀត និងមានអាជីវករច្រើនរួចហើយ តើអ្វីជាចំណុចពិសេសរបស់អ្នក ( Unique Selling Proposition)? តើអ្នកនឹងលេចធ្លោ និងខុសពីគេយ៉ាង​ដូចម្តេច? តើអ្នកនឹងមានសេវាកម្មកាន់​តែ​ជំនាញ​ជាងនេះដែរ ឬទេ? តម្លៃទាបជាង? អ្វីដែលគ្មាននរណាម្នាក់អាចផ្តល់ជូនបាន? ការ​ចម្លងតាម​អាជីវកម្ម ឬគំនិត​អាជីវកម្ម មិនមែនជាវិធីជោគជ័យនោះទេ។ អ្នកត្រូវស្គាល់​ពីទំហំ និងចំណែកទីផ្សារ ដែលអ្នកអាចចាប់យកបាន។ បញ្ជាក់គំនិតរបស់អ្នក ជាគំនិតល្អនៅដំណាក់កាលនេះដែល​ត្រូវ​ធ្វើតេស្ត​គំនិត ផលិតផល ឬសេវាកម្មរបស់អ្នក។ ជជែក​ជាមួយអតិថិជនសក្តានុពល និងទទួលបានមតិប្រតិកម្ម​របស់ពួកគេអំពីផលិតផល ឬសេវាកម្មដែលអ្នកបានស្នើផ្ដល់ជូន​ ហើយមើលថាតើពួកគេចាប់អារម្មណ៍លើវាយ៉ាងដូចម្ដេច​ និងថាតើពួកគេសុខចិត្តចំណាយប្រាក់លើវាដែរ ឬទេ។ អ្នកអាចធ្វើកិច្ចការ​នេះ​បានតាមរយៈការផ្ញើការស្ទង់មតិ ការជជែក​ដោយ​ផ្ទាល់ ឬនៅលើបណ្តាញសង្គម ការផ្សាយពាណិជ្ជកម្ម ឬការព្យាយាមធ្វើយុទ្ធនាការមុនពេលលក់ដើម្បីវាស់ស្ទង់ការចាប់អារម្មណ៍អតិថិជនទៅលើផលិតផលនោះ។ ប្រសិនបើលោកអ្នកចង់ស្វែងរកការបណ្ដុះបណ្ដាល ឬការសិក្សា ទាក់ទងទៅនឹងការស្រាវជ្រាវទីផ្សារ សូមស្វែងរកតាមរយៈទំព័រ ព្រឹត្តិការណ៍ និងវគ្គបណ្ដុះបណ្ដាល ដែលមានព័ត៌មានជាច្រើនអំពីវគ្គបណ្ដុះបណ្ដាល ការសិក្សាពីចម្ងាយ និងបណ្ណាល័យអនឡាញ។

សរសេរផែនការអាជីវកម្ម

Step 4:

សរសេរផែនការអាជីវកម្ម

ផែនការអាជីវកម្ម​ គឺជាកត្តាចាំបាច់ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហិរញ្ញប្បទានខាងក្រៅតាមរយៈប្រាក់កម្ចី ឬការវិនិយោគ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិន​បើអ្នកចាប់ផ្តើមពី​តូច ហើយចាប់ផ្តើមជាមួយដើមទុនផ្ទាល់ខ្លួនរបស់អ្នក ផែនការអាជីវកម្មនឹងជួយអ្នកក្នុងការរៀបចំផែនការ៖ តើអ្នកនឹង​ត្រូវការដើមទុនប៉ុន្មានដើម្បីចាប់ផ្តើម របៀបរកប្រាក់ចំណេញ អ្វីដែលអ្នកត្រូវធ្វើ និងអ្វីដែលអ្នកត្រូវធ្វើទៅថ្ងៃ​អនាគត។ សូមគិតថាផែនការអាជីវកម្មគឺជាផែនទីបង្ហាញផ្លូវសម្រាប់អាជីវកម្មរបស់លោកអ្នក និងជាឧបករណ៍ជួយក្នុង​ការ​គ្រប់គ្រងគោលដៅ និងតាមដានវឌ្ឍនភាព​អាជីវកម្មរបស់លោកអ្នក។ ប្រសិនបើលោកអ្នកបានសង្ខេប នូវអាជីវកម្មរបស់ខ្លួនដោយប្រើឧបករណ៍ដូចជាផ្ទាំងគំរូអាជីវកម្ម (Business Model Canvas) រួចហើយ មានន័យថាលោកអ្នកបានជ្រើសយកចំណុចចាប់ផ្តើមដ៏ល្អមួយហើយ។ ការដែល​ផែនការអាជីវកម្មរបស់លោកអ្នកនឹង​មាន​លក្ខណៈ​ផ្លូវការ ឬមានរចនាសម្ពន្ធ​បែបណាក៏ដោយ អាស្រ័យលើថាតើអ្នកមានផែនការ​ប្រើប្រាស់គំរូអាជីវកម្មទាំងនេះ​ដើម្បីបង្កើនដើមទុន ឬគ្រាន់តែទុកប្រើជាឯកសារផ្ទៃក្នុង។ តើមាតិការនៅក្នុងផែនការអាជីវកម្មរបស់អ្នកមានអ្វីខ្លះ? មានវិធីខុសៗគ្នាក្នុង​ការ​រៀបចំផែនការអាជីវកម្ម តែផែនការ​ភាគច្រើនមានយ៉ាងហោចណាស់នូវ​ធាតុខាងក្រោម៖ សេចក្តីសង្ខេប ក្រុមការងាររបស់លោកអ្នក ទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន ការវិភាគឧស្សាហកម្ម និងទីផ្សារ ផែន​ការ​ទីផ្សារ ផែនការប្រតិបត្តិការ យុទ្ធសាស្ត្រហិរញ្ញវត្ថុ វិធីល្អដើម្បីទទួលបានជំនួយក្នុងការសរសេរផែនការអាជីវកម្ម សូមពិនិត្យមើលបញ្ជីវគ្គបណ្តុះបណ្តាលនៅទីនេះ។ លោកអ្នកក៏អាចស្វែងរកជំនួយពីបញ្ជីអ្នកផ្គត់ផ្គង់សេវានៅទីនេះ ហើយក៏​មានគេហទំព័រ​ជាច្រើនដែលអាចផ្តល់ជូនអ្នកនូវគំរូ សេចក្ដីណែនាំ​ និងដំបូន្មាននៅ​ក្នុងការសរសេរផែនការអាជីវកម្មផងដែរ។ ប្រភេទផែនការអាជីវកម្ម ប្រភេទ និងសេចក្ដី​លម្អិតនៃផែនការអាជីវកម្មរបស់លោកអ្នកនឹងត្រូវពឹងផ្អែកទៅលើថាតើគោលបំណងចុងក្រោយរបស់អាជីវកម្មមានលក្ខណៈបែបណា។​ ប្រសិនបើលោកអ្នកកំពុងស្វែងរកការវិនិយោគ ឬប្រាក់កម្ចី លោកអ្នកចាំបាច់ត្រូវពិពណ៌នាអំពីប្រតិបត្តិការ និងការព្យាករណ៍ហិរញ្ញវត្ថុអាជីវកម្មរបស់ខ្លួនឱ្យបានលម្អិតបំផុត​ប្រសើរជាងប្រើផែនការអាជីកម្មនោះជាទុកឯកសារណែនាំផ្ទៃក្នុង។

ធ្វើឱ្យអាជីវកម្មរបស់លោកអ្នកមានលក្ខណៈស្របច្បាប់

Step 5:

ធ្វើឱ្យអាជីវកម្មរបស់លោកអ្នកមានលក្ខណៈស្របច្បាប់

ដើម្បីចាប់ផ្តើម និងធ្វើអាជីវកម្មស្របច្បាប់នៅកម្ពុជា លោកអ្នកនឹងត្រូវចុះបញ្ជីអាជីវកម្មជាមុនសិន។ ជំហានដំបូង គឺការ​ពិនិត្យមើលប្រភេទរចនាសម្ពន្ធ​អាជីវកម្ម​ខុសៗគ្នា និងការ​សម្រេចចិត្តថាតើមួយណាល្អបំផុតសម្រាប់អ្នក។ លោកអ្នកក៏នឹងត្រូវសម្រេចចិត្តលើឈ្មោះអាជីវកម្ម និង​ពិនិត្យមើលថាតើឈ្មោះនោះបានប្រើប្រាស់ហើយ ឬនៅ។ ដើម្បីជួយលោកអ្នកក្នុងង​ការ​សម្រេចចិត្ត​ អ្នកគួរតែស្រាវជ្រាវពីរចនាសម្ព័ន្ធ​ និងគុណសម្បត្តិ​ និងគុណវិបត្តិនៃប្រភេទអាជីវកម្មខាងលើ ហើយជ្រើសរើសយកប្រភេទមួយណាដែលស័ក្តិ​សមបំផុតសម្រាប់អ្នក និងអាជីវកម្មរបស់អ្នក។ កន្លែងល្អសម្រាប់​ចាប់ផ្តើម គឺនៅទីនេះ។ គេហទំព័រនេះមានតារាងប្រៀបធៀបប្រភេទចុះបញ្ជី​ខុសៗគ្នា រួមជាមួយនឹង​គុណ​ប្រយោជន៍ និងគុណវិបត្តិរបស់ប្រភេទអាជីវកម្មនីមួយៗផងដែរ។ នីតិវិធី និងលក្ខខណ្ឌតម្រូវនៃការចុះបញ្ជីអាជីវកម្មក្នុងប្រទេសកម្ពុជា នៅប្រទេសកម្ពុជា លោកអ្នកអាចចុះបញ្ជី​អាជីវកម្មថ្មីតាមរយៈប្រព័ន្ធ One Portal នៅទីនេះ។ ​ សៀវភៅមគ្គុទេសក៏នេះ​ រៀបរាងដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ មានប្រយោជន៍ខ្លាំងណាស់ក្នុងការជួយអ្នករៀបចំខ្លួនសម្រាប់ដំណើរការនៃការចុះបញ្ជី។ សៀវភៅនេះ​មាន​ទិដ្ឋភាពទូទៅស្ដីពី​របៀបប្រើប្រាស់ប្រព័ន្ធ​ និងឯកសារដែលអ្នកនឹងត្រូវការដើម្បីរៀបចំសម្រាប់ការដាក់ស្នើសុំចុះបញ្ជីអាជីវកម្ម។  ជំហានសំខាន់ៗក្នុងការចុះបញ្ជី​អាជីវកម្មរបស់លោកអ្នក មិនថាលោកអ្នកប្រើប្រព័ន្ធ One Portal ឬប្រើសេវារបស់អ្នក​ផ្គត់ផ្គង់សេវាក៏ដោយ រួមមាន៖ ការស្វែងរកឈ្មោះ និងការបញ្ជាក់យល់ព្រម​ ការចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម ការចុះបញ្ជី​ពន្ធដារនៅ​អគ្គនាយកដ្ឋាន​ពន្ធដារ សេចក្ដី​ប្រកាស​ជូនដំណឹងបើកសហគ្រាស​ជាមួយក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ការ​ផ្ដល់​​អាជ្ញាប័ណ្ណ និងលក្ខខណ្ឌ​តម្រូវផ្សេងទៀតដោយផ្អែកលើប្រតិបត្តិការ និងឧស្សាហកម្ម។ សូមអានបន្ថែមអំពីការផ្តល់អាជ្ញាបណ្ណ នៅទីនេះ ។ លោកអ្នកប្រហែលជាត្រូវមាន ​អាជ្ញាប័ណ្ណ​ និងលិខិត​អនុញ្ញាតបន្ថែមមួយចំនួនទៀតដើម្បីទទួលបានការយល់ព្រមឱ្យ​ធ្វើសកម្មភាព​មួយចំនួន ដោយផ្អែកលើប្រភេទអាជីវកម្ម​ និងឧស្សាហកម្មរបស់អ្នក។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីអាជ្ញាប័ណ្ណ និងលិខិត​អនុញ្ញាតនៅក្នុងផ្នែកស្ដីពី​អាជ្ញាប័ណ្ណអាជីវកម្មក្នុងគេហទំព័រ​នេះ។ លោកអ្នកក៏អាចជ្រើសរើសចុះបញ្ជីពាណិជ្ជសញ្ញាបានផងដែរ។ ការចុះបញ្ជី​ពាណិជ្ជសញ្ញា​អាចការពារម៉ាករបស់អ្នក ដូចជា នាមករណ៍ (ឈ្មោះ​អាជីវកម្ម) ឬរូបសញ្ញា (logo)របស់អ្នកជាដើម។ ដើម្បីស្វែងយល់ពីរបៀបចុះបញ្ជីពាណិជ្ជសញ្ញា សូមមើលវីដេអូនៅទីនេះ។ សូមចុចទីនេះដើម្បី​ទៅកាន់ការ​ចុះបញ្ជីពាណិជ្ជសញ្ញានៅកម្ពុជា។ ប្រសិនបើលោកអ្នកមានបុគ្គលិកបម្រើការងារ អ្នកនឹងត្រូវដាក់ពាក្យស្នើសុំផ្នែកហានិភ័យការងារនៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)​ ផងដែរ។ លោកអ្នកអាចស្វែងយល់បន្ថែមអំពីបេឡាជាតិរបបសន្តិសុខសង្គម និងរបៀបដាក់ពាក្យស្នើសុំ​នៅទីនេះ ។

ហិរញ្ញប្បទានអាជីវកម្ម

Step 6:

ហិរញ្ញប្បទានអាជីវកម្ម

មិនថាលោកអ្នកកំពុងចាប់ផ្តើមអាជីវកម្មពីចំណុចសូន្យ ​ឬទិញអាជីវកម្មដែលមានស្រាប់ ឬទិញសិទ្ធិអាជីវកម្ម​ (franchise) ក៏ដោយ មាន​វិធីសាស្រ្តមួយចំនួនដែលលោកអ្នកអាចពិចារណាសម្រាប់ការទទួលបានហិរញ្ញវត្ថុ៖ ដំណើរការអាជីវកម្មរបស់លោកអ្នកដោយហិរញ្ញវត្ថុខ្លួនឯង ទទួល​យក​ដើមទុន ​ពីវិនិយោគិន ប្រើ​ហិរញ្ញប្បទានមហាជន (Crowdfunding) ឥណទាន​អាជីវកម្មខ្នាតតូច កម្មវិធីទុនវិនិយោគសហគ្រាសធុនតូច និងមធ្យម ជាការសំខាន់ដែលលោកអ្នកត្រូវចងចាំថាវិនិយោគិន ដូចជា ទេវវិនិយោគិន(Angels investor) និងក្រុមហុ៝នវិនិយោគទុន (Venture capitalists) ​ អាចរំពឹងថាលោកអ្នកមានធនធានដោយខ្លួនឯងខ្លះ ឬភាគហ៊ុនដែលមានស្រាប់នៅក្នុងអាជីវកម្ម មុននឹងធ្វើការវិនិយោគជាមួយលោកអ្នក។ លោកអ្នកក៏អាចត្រូវការហិរញ្ញប្បទានសម្រាប់ផ្នែកផ្សេងទៀតនៃអាជីវកម្ម ដូចជា ទ្រព្យសម្បត្តិ យានជំនិះ គ្រឿងម៉ាស៊ីន និងឧបករណ៍ ឬសារពើភ័ណ្ឌ។ មានហិរញ្ញប្បទានច្រើន​ប្រភេទ​ផ្សេងៗគ្នាដែលលោកអ្នកអាចទទួលបាន ដូចជា៖ កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាត់ឥណទាន ភតិសន្យា ឬកិច្ចសន្យាជួល ឥណទានពាណិជ្ជកម្មពីអ្នកផ្គត់ផ្គង់ ប្រាក់កម្ចី ការវិនិយោគ សម្រាប់ការណែនាំអំពីការសម្រេចចិត្តថាតើវិធីសាស្ត្រណាដែលល្អបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក សូមស្វែងរកសេវាកម្មប្រឹក្សាយោបល់តាមរយៈបណ្តាញដៃគូរបស់យើងខ្ញុំ (សូមមើលអ្នកផ្កត់ផ្គង់សេវា) ។

ត្រៀមខ្លួនសម្រាប់ប្រតិបត្តិការ​

Step 7:

ត្រៀមខ្លួនសម្រាប់ប្រតិបត្តិការ​

ក្នុងនាមជាម្ចាស់សហគ្រាសដែលបានចុះបញ្ជី អ្នកនឹងត្រូវដាក់​លិខិត​ប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំទៅអគ្គនាយកដ្ឋានពន្ធដារ (GDT) ។ ដើម្បីជួយលោកអ្នកក្នុងកិច្ចការ​នេះ អ្នកនឹងត្រូវការជំនួយ យ៉ាងហោចណាស់ ពីអ្នកកាន់​បញ្ជី​ ឬគណនេយ្យករដែលមានបទពិសោធន៍ក្នុងវិស័យនេះ។ លោកអ្នកត្រូវរៀបចំប្រព័ន្ធតម្កល់​ឯកសារអោយបានត្រឹមត្រូវវ រៀបចំបង្កាន់ដៃមានចុះលេខ និងសៀវភៅវិក័យប័ត្រ​ ​ធ្វើឱ្យប្រាកដថាលោកអ្នកបានរក្សាច្បាប់ចម្លងយ៉ាងច្បាស់លាស់ និងប្រយ័ត្នប្រយែងរាល់ពេល​ប្រតិបត្តិការ។ បន្ថែមពីលើនេះទៀត គឺការរៀបចំ​ និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យដូចជា QuickBooks ដើម្បីតាមដានចំណូល និងចំណាយ ដូច្នេះ លោកអ្នកអាចធ្វើ​របាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំ​ត្រីមាស និងប្រចាំឆ្នាំបានយ៉ាងងាយស្រួល។ ទាំងនេះមិនត្រឹមតែត្រូវការសម្រាប់ការ​ធ្វើរបាយការណ៍ប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកក្នុងការ​វិភាគអាជីវកម្ម និងធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ប្រតិបត្តិការ និងការរីកចម្រើននៃអាជីវកម្មលោកអ្នកផងដែរ។ ទោះបីជាអ្នកចាប់ផ្តើមអាជីវកម្មធុន​តូចក៏ដោយ ការរក្សាកំណត់ត្រាហិរញ្ញវត្ថុត្រឹមត្រូវ និងច្បាស់លាស់ គឺជាកត្តាចាំបាច់។ ប្រសិនបើលោកអ្នកមិនមានគម្រោងប្រើ​គណនេយ្យករពេញម៉ោង អ្នកអាចប្រើប្រាស់សេវាកម្មពី អ្នកផ្គត់ផ្គង់សេវា ដើម្បីជួយអ្នកក្នុងការរៀបចំឯកសារ និងដាក់ស្នើប្រចាំខែ។

ត្រៀមខ្លួនសម្រាប់ការរីកចម្រើន

Step 8:

ត្រៀមខ្លួនសម្រាប់ការរីកចម្រើន

នៅពេលលោកអ្នកចាប់ផ្តើមអាជីវកម្ម អ្នកនឹងអាចជួបភាពជោគជ័យ និងបរាជ័យ។ លោកអ្នកត្រូវមើលឃើញ​កត្តាទាំងនេះជាឱកាសរៀនសូត្រ​នៃការធ្វើអាជីវកម្ម។ តាមរយៈផ្ទាំងគំរូអាជីវកម្ម (Business Model Canvas) ឬផែនការអាជីវកម្មរបស់លោក​អ្នក​ដែលកំពុងមាននៅក្នុងដៃ អ្នកអាចវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រ និងផែនការអាជីវកម្មរបស់អ្នកសម្រាប់ការរីកចម្រើននាពេលអនាគតដោយផ្អែកលើបទពិសោធន៍ដែលបានជួបប្រទះកន្លងមក។ លោកអ្នកគួរតែតាមដានវឌ្ឍនភាពអាជីវកម្មរបស់អ្នករៀងរាល់ខែ ដោយមើលទៅលើតួលេខដែលបានមក​ពីរបាយការណ៍គណនេយ្យប្រចាំខែ និងការ​ពិនិត្យមើលយុទ្ធសាស្ត្ររអាជីវកម្មរបស់អ្នក។ ការធ្វើកិច្ចការនេះ​ឡើងវិញ​រៀងរាល់ត្រីមាស និងរៀងរាល់​ឆ្នាំ នឹងអនុញ្ញាតឱ្យលោកអ្នកតាមដានការអនុវត្តក្នុងដំណើរការអាជីវកម្ម និងធ្វើការសម្រេចចិត្តដោយផ្អែកលើលទ្ធផល និងទិន្នន័យដែលមានស្រាប់នៅក្នុងដៃ។ ការធ្វើបែបនេះនឹងជួយលោកអ្នកឱ្យប្រាកដថាអ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទប់ទល់រាល់បញ្ហាប្រឈមទាំងឡាយណា ដែលនឹងអាចកើតមានឡើងក្នុងដំណើរការអាជីវកម្មរបស់លោកអ្នក។

https://pafipayakumbuhkab.org slot thailand slot 4d