ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) សហការជាមួយក្រុមហ៊ុនឯកជន ២ បានចំណាយថវិកាខ្ទង់ ២ លានដុល្លារ ដើម្បីវិនិយោគរួមគ្នាលើចង្វាក់ផ្គត់ផ្គង់ត្រជាក់ (Cold Chain) សមត្ថភាពផ្ទុកផលិតផលកសិកម្ម និងភ័ស្តុភារនៅកម្ពុជា។
ភាពជាដៃគូនេះនឹងជំរុញការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេស និងបរិយាប័ន្ន ដោយបំពេញចន្លោះប្រហោងនៃចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម និងដោះស្រាយឧបសគ្គនៃប្រព័ន្ធទីផ្សារចំពោះឱកាសនាំចេញ-នាំចូល ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពជ្រៀតចូលទីផ្សារសម្រាប់កសិករខ្នាតតូច និងធុរកិច្ចដែលដឹកនាំដោយស្ត្រី និងយុវជន។ ក្នុងនោះក្រុមហ៊ុន Khmer Cold Chain និងក្រុមហ៊ុន Amru Rice នឹងបង្កើតធ្វើតេស្ត និងដំណើរការកន្លែងទុកដាក់ត្រជាក់ សេវាកម្ម និងសមត្ថភាពដឹកជញ្ជូនកសិកម្មនៅកម្ពុជា ដោយបង្កើតនូវចង្វាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងមានការគ្រប់គ្រងដោយសីតុណ្ហភាព។
លោកស្រី Nancy J. Eslick នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID បាននិយាយថា ភាពជាដៃគូរបស់ USAID ជាមួយក្រុមហ៊ុនកម្ពុជា គឺជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ ដូចនេះពួកគេអាចធ្វើតេស្ត និងលើកកម្ពស់ដំណោះស្រាយជោគជ័យ ព្រមទាំងជំរុញការវិនិយោគលើវិស័យកសិកម្ម ដើម្បីបង្កើនសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។
លោកស្រីបញ្ជាក់ថា៖ «ក្នុងភាពជាដៃគូរយៈពេល ២ ឆ្នាំនេះ Khmer Cold Chain ដែលជាក្រុមហ៊ុនបម្រើសេវាកម្មភ័ស្តុភារទុកដាក់ត្រជាក់នឹងចូលរួមវិនិយោគមូលនិធិរបស់ខ្លួនចំនួន ១ លានដុល្លារ និងបូករួមបន្ថែមមូលនិធិពីរដ្ឋាភិបាលអាមេរិក និងវិស័យឯកជនប្រមាណ ១ លានដុល្លារបន្ថែមទៀត ដើម្បីដំណើរការប្រព័ន្ធទុកដាក់ត្រជាក់ ដែលផ្តល់ឱ្យកសិករទទួលបានតម្លៃប្រសើរជាងមុនពីទំនិញរបស់ពួកគេឱ្យពួកគេអាចលក់ផលិតផលទៅកាន់ទីផ្សារអន្តរជាតិ និងធានាថា អ្នកប្រើប្រាស់ទទួលបានទំនិញប្រកបដោយគុណភាពខ្ពស់»។
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន Amru Rice Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតចំពោះចង្វាក់ផ្គត់ផ្គង់បន្លែនេះ នឹងបង្កើនសក្តានុពលដល់កសិករខ្មែរក្នុងការផលិតកសិផលប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិក្នុងគោលបំណងកែលម្អសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់កសិករផលិត និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលបន្លែពីក្រៅប្រទេស ។
លោកអះអាងថា៖ «អ្វីដែលយើងបានសិក្សាឃើញនោះ គឺប្រទេសកម្ពុជាទាំងមូលអាចផ្គត់ផ្គង់បន្លែខ្លួនឯងបានតែ ៥០ ភាគរយទេនៅរដូវប្រាំង ខណៈដែលរដូវវស្សាផ្គត់ផ្គង់បានតិចជាងនេះទៀត ដោយសារកសិករយើងគាត់ដាំដុះបន្លែតាមរដូវកាល ដូចនេះយើងត្រូវតែចងក្រងប្រមូលផ្តុំគាត់ ដើម្បីឱ្យគាត់ក្លាយជាកសិករពាណិជ្ជករ »។
បើតាម លោក កាន់ គន្ធី ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនផលិតចំណីអាហារ និងនាំចេញកសិផលមួយចំនួនទៅលក់នៅទីផ្សារអន្តរជាតិដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី និងម្រេចនឹងវិនិយោគដោយប្រើប្រាស់ទុនផ្ទាល់ខ្លួនប្រមាណ ៦០ ម៉ឺនដុល្លារ និងបូករួមមូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រមាណ ៤០ ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីបង្កើតបន្ទប់រក្សាទុកត្រជាក់នៅជិតការិយាល័យកណ្តាលរបស់ខ្លួន និងនៅជិតបណ្តាសហគមន៍អភិវឌ្ឍន៍កសិកម្ម ព្រមទាំងបានបង្កើតកន្លែងទុកដាក់ត្រជាក់ និងបណ្តាញភ័ស្តុភារដល់អ្នកផ្គត់ផ្គង់កសិករខ្នាតតូចផងដែរ៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ហំ ផានិត
ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២