ភ្នំពេញៈ វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម SME Global Finance ដែលគ្រប់គ្រងដោយហិរញ្ញវត្ថុសហប្រតិបត្តិការអន្តរជាតិ (IFC) បានជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យមសកលលើកទី ៩ នៅរាជធានីភ្នំពេញ ដោយបាននាំយកប្រទេស ៦០ ជាមួយអ្នកចូលរួមជាង ៤០០ នាក់ ដើម្បីមកសិក្សា និងផ្លាស់ប្តូរបទពិសោធលើការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME)។
ក្នុងភាពជាដៃគូជាមួយធនាគារជាតិនៃកម្ពុជា ព្រឹត្តិការណ៍វេទិកាហិរញ្ញវត្ថុ SME សកលលើកទី ៩ ឆ្នាំ ២០២២ នេះបានប្រព្រឹត្តទៅចាប់ថ្ងៃទី ១៩-២១ ខែកញ្ញា ដើម្បីស្វែងយល់ពីរបៀបដែលឌីជីថលនីយកម្មអាចជំរុញ និងពន្លឿនហិរញ្ញវត្ថុបៃតង ការបង្កើនប្រសិទ្ធភាពខ្សែចង្វាក់ផ្គត់ផ្គង់ កែលម្អសុវត្ថិភាពទិន្នន័យ ដំណើរការដោយស្វ័យប្រវត្តិ និងការនាំទៅរកបរិយាប័ន្នហិរញ្ញវត្ថុកាន់តែច្រើន។
ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ Global SME Finance ទៅកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ លោក Matthew Gamser អគ្គនាយកវេទិកាហិរញ្ញវត្ថុ SME បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បេសកកម្មស្ថាប័នរបស់លោកដែលនាំអ្នកចូលរួមជាង ៤០០ នាក់មកពី ៦០ ប្រទេសមកកម្ពុជាគឺដើម្បីសិក្សា និងផ្លាស់ប្តូរបទពិសោធ និងកសាងបណ្តាញ SMEs។
លោកថ្លែងថា៖ «ជារៀងរាល់ឆ្នាំ យើងមានកិច្ចប្រជុំប្រចាំឆ្នាំ ដោយយើងព្យាយាមនាំមនុស្សមកជួបជុំគ្នានៅទីក្រុងផ្សេងៗគ្នាជុំវិញពិភពលោក ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក។ ក្នុងឆ្នាំនេះ ពួកយើងជ្រើសរើសមកធ្វើនៅទីក្រុងភ្នំពេញ ព្រោះវាជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ ដែលយើងមានស្ថាប័នដូចជា ធនាគារអេស៊ីលីដា ពិតជាកត្តាជំរុញនៃរបៀបដែលអ្នកអាចបម្រើអាជីវកម្មខ្នាតតូច មីក្រូសហគ្រាស និងអ្នកប្រើប្រាស់តាមវិធីផ្សេងៗ ដែលនឹងមានប្រសិទ្ធភាពកាន់តែខ្ពស់»។
លោកបញ្ជាក់ថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានមកទីនេះ ដោយសារបេសកកម្មរបស់យើង គឺលើកកម្ពស់ការសិក្សា និងដើម្បីស្វែងរកភាពជាដៃគូថ្មី។ យើងអាចកសាងបាន ហើយថែមទាំងមានការសន្ទនាដ៏ល្អពីមនុស្សជាច្រើនពីវិស័យសាធារណៈនៅទីនេះ។ យើងនឹងមានកិច្ចពិភាក្សាល្អពីរបៀបបង្កើតបរិយាកាសល្អ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម និងគាំទ្រប្រកបដោយបរិយាប័ន្នហិរញ្ញវត្ថុ»។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី លោក អ៊ិន ចាន់នី បាននិយាយថា ធនាគារលោកបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដោយផ្តើមចេញពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុករហូតក្លាយជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា។ អេស៊ីលីដា គឺជាធនាគារកម្ពុជាដំបូងគេដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅប្រទេសជិតខាងរួមមានប្រទេសឡាវ ឆ្នាំ ២០០៨ និងមីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០១៣។ ក្នុងខែឧសភា ឆ្នាំ ២០២០ អេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជដំបូងគេដែលបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (ផ.ម.ក)៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២