ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលគ្រប់គ្រងដោយរដ្ឋបានត្រៀមជាង ២០០ លានដុល្លារ សម្រាប់ផ្តល់កម្ចីទៅដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីផ្តល់លទ្ធភាពបន្ថែមដល់ពួកគេក្នុងការបន្តនិរន្តរភាពនិងពង្រីកអាជីវកម្ម។
លោក លឹម អូន អគ្គនាយកធនាគារ SME បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៧ ខែកុម្ភៈ ថា ឆ្នាំ ២០២៣ នេះ SME Bank មានផែនការផ្តល់ហិរញ្ញប្បទានទាំងដោយផ្ទាល់ និងសហហិរញ្ញប្បទាន មានប្រហែលជាង ២២០ លានដុល្លារដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដោយផ្តោតសំខាន់លើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលពិសេសកម្មន្តសាល ឬផលិតកម្ម ការកែច្នៃ កសិឧស្សាហកម្ម ព្រមទាំងសហគ្រិនជាស្ត្រី។
លោកបន្តថា ទឹកប្រាក់ដែលគ្រោងជាង ២០០ លានដុល្លារនេះ សម្រាប់ការផ្តល់ឥណទានដោយផ្ទាល់ដល់ SMEs មាន ១០០លានដុល្លារ ខណៈការផ្តល់តាមរយៈគម្រោងសហហិរញ្ញប្បទានដែលសហការជាមួយស្ថាប័នហិរញ្ញវត្ថុជាដៃគូ គឺមានទឹកប្រាក់ប្រហែល ១០៨ លានដុល្លារទៀត។
លោកឱ្យដឹងថា៖ «ការផ្តល់ឥណទានរបស់ធនាគារ SME ដល់វិស័យសហគ្រាសធុនតូច និងមធ្យម គឺពិតជាជួយឱ្យអាជីវកម្មទាំងអស់នោះអាចមានលទ្ធភាពក្នុងការពង្រឹង និងបន្តនិរន្តរភាពនៃប្រតិបតិ្តការរបស់ពួកគាត់ទៅថ្ងៃខាងមុខ បន្ទាប់ពីការសាបរលាបជំងឺកូវីដ ១៩។ នៅក្នុងន័យនេះយើងសង្ឃឹមថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ និងលទ្ធភាពក្នុងការពង្រឹងអាជីវកម្មឱ្យកាន់តែមានភាពជោគជ័យថែមទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីខែធ្នូ ឆ្នាំ ២០២២ ថា ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានគ្រោងថវិកាប្រមាណ ១០០ លានបន្ថែម ដើម្បីផ្តល់ឱ្យធនាគារ SME សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាប។
សម្រាប់ពត៍មានបន្ថែម សូមចុច លើទីនេះ។
រៀបរៀងដោយ៖ ម៉ៃ គុណមករា
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ០៨ កុម្ភះ ២០២៣