ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានកត់សម្គាល់ពីសារៈសំខាន់នៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ថា ជាកម្លាំងចលករមួយ ដើម្បីជំរុញប្រទេសកម្ពុជាក្នុងការបញ្ចប់ឋានៈប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួននៅឆ្នាំ ២០២៨។
លោក ប៉ាន សូរស័ក្តិ បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃទី ១៤ ខែមីនា ក្នុងសិក្ខាសាលាស្តីពី «កិច្ចព្រមព្រៀង RCEP៖ ភាពពាក់ព័ន្ធ បញ្ហាប្រឈម និងកំណើនអនាគតនៃអាស៊ីបូព៌ា និងអាស៊ាន» ដែលបានរៀបចំរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម (TTRI) នៃក្រសួងពាណិជ្ជកម្ម។
លោកបានឱ្យដឹងថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ ជាការពិតណាស់សម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា កិច្ចព្រមព្រៀង RCEP មិនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ ប៉ុន្តែគឺជាកាតាលីករក្នុងការជំរុញ ការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់ក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ ១៩។ កិច្ចព្រមព្រៀងនេះ ក៏ជាយន្តការដែលអាចជួយសង្គ្រោះតំបន់ទាំង ២ ក្នុងស្ថានភាពមិនប្រាកដប្រជាជាសកល រួមមានការជាប់គាំងនៃប្រព័ន្ធពហុភាគីនិយមនៅអង្គការពាណិជ្ជកម្មពិភពលោក WTO ការដាក់ចេញគោលនយោបាយគាំពារនិយមឯកតោភាគីនៃរដ្ឋមួយចំនួន និងផលប៉ះពាល់ជាសកលនៃវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកថ្លែងថា៖ «សម្រាប់ប្រទេសកម្ពុជា កិច្ចព្រមព្រៀងបង្កើតជាវេទិកាផ្លូវច្បាប់ទំនើប ដែលជំរុញប្រទេសឱ្យបង្កើតកិច្ចព្រមព្រៀងសេរីបន្ថែមទៀត ដោយប្រើកិច្ចព្រមព្រៀង RCEP ជាគំរូ ឬកម្រិតកំណត់សេរីភាវូបនីយកម្ម និងធ្វើកំណែទម្រង់ជាច្រើន ធានារក្សាស្ដង់ដារបស់ខ្លួន ដែលអាចសមាមាត្រនឹងកម្រិតដែលកិច្ចព្រមព្រៀងនេះអាចទទួលយកបានរួមទាំងនៅផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ និងស្ថាប័ន»។
លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា៖ «កិច្ចព្រមព្រៀងនេះ ក៏ជាកិច្ចអន្តរាគមន៍រយៈពេលវែងសម្រាប់ដំណើររបស់កម្ពុជានៅក្នុងការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួននៅឆ្នាំ ២០២៨ និងការខិតខំប្រឹងប្រែង ដែលគ្រោងទុករបស់ប្រទេស ដើម្បីសម្រេចបាននូវស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
យោងតាមរបាយការណ៍ចុងក្រោយពីធនាគារពិភពលោក (WB) ចេញផ្សាយកាលពីចុងខែកុម្ភៈ កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ៣ នៃការបង្កើនប្រាក់ចំណូលសម្រាប់ប្រទេសពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បន្ទាប់ពីប្រទេសវៀតណាម និងម៉ាឡេស៊ី ខណៈការនាំចេញរបស់កម្ពុជានឹងមានកំណើនប្រមាណ ៦,៥ ភាគរយ ដោយជាប់លេខ ៣ បន្ទាប់ពីប្រទេសវៀតណាម ១១,៤ ភាគរយ និងជប៉ុន ៨,៩ ភាគរយ។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញប៉ុសិ៍្ត
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែមីនា ឆ្នំា២០២២