ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងដើម្បីគាំទ្រដល់ក្រុមហ៊ុនកាត់ដេរ និងយីហោសម្លៀកបំពាក់ទាន់សម័យរបស់អឺរ៉ុបនៅកម្ពុជា។
MoU នេះ ធ្វើឡើងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីកម្ពុជា និងសហភាពអឺរ៉ុបបានសន្យាជាថ្មីថា នឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី បើទោះបីសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។ MoU នេះបានចុះហត្ថលេខាកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នៅវិទ្យាស្ថានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកាត់ដេរកម្ពុជា (CGTI) នៅរាជធានីភ្នំពេញ។
ស្ថិតក្រោម MoU នេះ EuroCham នឹងបង្កើតកម្មវិធីបណ្តុះបណ្តាលសាធារណៈជាមួយ CGTI ដែលផ្តោតលើប្រភពវាយនភណ្ឌប្រកបដោយនិរន្តរភាព សុវត្ថិភាព និងសុខភាពការងារ និងការអនុលោមតាមច្បាប់។
លោក គង់ សាង ប្រធាន GMAC បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មសំខាន់។ ភាពជោគជ័យ និងកំណើននៃការនាំចេញដ៏ល្អនៃឧស្សាហកម្មរបស់កម្ពុជាអាចចាត់ទុកជាផ្នែកដ៏ធំ ចំពោះលទ្ធភាពចូលទីផ្សារអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបដែលត្រូវបានផ្តល់ឱ្យស្ថិតក្រោមគម្រោងអ្វីៗគ្រប់យ៉ាងលើកលែងសព្វាវុធ (EBA)។
លោកថ្លែងថា៖ «វាមានសារៈសំខាន់ក្នុងការទាញយកប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា តាមរយៈសក្តានុពលកំណើនកាន់តែច្រើន។ MoU ដែលចុះហត្ថលេខានេះគឺជាភាពជាដៃគូមួយដែលមិនអាចកាត់ថ្លៃបាននៅក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មតាមរយៈការបង្កើនសមត្ថភាពក្នុងវិស័យជាច្រើន និងការពិភាក្សារួមគ្នា ដើម្បីផ្ដល់ឥទ្ធិពលលើគោលនយោបាយជាប់ពាក់ព័ន្ធ»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២