ភ្នំពេញៈ កម្ពុជា-កូរ៉េខាងត្បូងបានសហការគ្នាក្នុងការកសាងមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារ FTC កម្ពុជា «Food Processing TASK Center (FTC )» នៅក្នុងគោលបំណង ដើម្បីលើកកម្ពស់ការផលិតចំណីអាហារ និងចូលរួមចំណែកកាត់បន្ថយការនាំចូលពីបរទេស ស្របពេលប្រទេសទាំង ២ ទើបប្រកាសពីការចាប់ផ្តើមអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីពេលថ្មីៗនេះ។
គម្រោងការសាងសង់ FTC នេះត្រូវបានពិភាក្សាជាលើកទី២ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ រវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ ជាមួយនាយកគ្រប់គ្រងគម្រោងនៃវិទ្យាស្ថានគ្រប់គ្រងម្ហូបអាហារកូរ៉េ លោក Kim Young Chan នៅទីស្តីការក្រសួង ស្តីអំពីវឌ្ឍនភាពគម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ (FTC) នៅកម្ពុជា។
លោក Kim Young បាននិយាយថា ការសាងសង់ FTC នៅកម្ពុជា គឺដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងជាសកលនៃឧស្សាហកម្មចំណីអាហារ និងពង្រឹងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យកែច្នៃចំណីអាហារ។
លោកបញ្ជាក់ថា ចំពោះគោលដៅរយៈពេលវែង ៥ ឆ្នាំរបស់គម្រោងដោយអនុវត្តចាប់ពីខែឧសភា ឆ្នាំ ២០២៣ ដល់ចុងឆ្នាំ ២០២៧ គឺដើម្បីធានាឱ្យបាននូវលទ្ធភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនចំណីអាហារធុនតូច និងមធ្យមផ្ទាល់ និងធានាឱ្យបានលើការផលិតចំណីអាហារមានគុណភាព និងសុវត្ថិភាព បង្កើតប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពកម្រិតអន្តរជាតិរបស់ក្រុមហ៊ុន និងបង្កើតច្បាប់មូលដ្ឋាន និងប្រព័ន្ធដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មចំណីអាហារ។
លោក ចម ប្រសិទ្ធ បានលើកឡើងថា ដោយសារទំហំទីផ្សារចំណីអាហារត្រូវបានគេប៉ាន់ប្រមាណថាមានប្រមាណ ៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៨ ហើយអត្រាកំណើនត្រូវបានគេរំពឹងថានឹងស្ថិតនៅកម្រិត ៧,១ ភាគរយ រហូតដល់ឆ្នាំ ២០២៣ ខាងមុខ។ លោកបានបន្តទៀតថា ក្រុមហ៊ុន ៣៧ ភាគរយគឺជាសហគ្រាសផលិតចំណីអាហារ ដែលជាស្នូលសំខាន់នៃវិស័យឧស្សាហកម្ម។ ប៉ុន្តែ ៩៥ ភាគរយជាសហគ្រាសធុនតូច និងមធ្យម ដូចនេះការប្រកួតប្រជែងរបស់ពួកគេនៅមានកម្រិត។
លោកថ្លែងថា៖ «ដោយសារ កត្តានេះធ្វើឱ្យក្រុមហ៊ុនផលិតក្នុងស្រុកពួកគេពឹងផ្អែកទៅលើការនាំចូល និងធ្វើឱ្យក្រុមហ៊ុនធំដែលនាំចេញទៅសកលលោកក្តោបក្តាប់នូវទីផ្សារ។ ដូចនេះកម្ពុជាត្រូវការកម្មវិធីជំនួយផ្សេងៗ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនក្នុងស្រុក!។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២