ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យសហគ្រិនស្ត្រីធ្វើជាគំរូក្នុងការលើកកម្ពស់សុចរិតភាព និងក្រមសីលធម៌ធុរកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជោគជ័យអាជីវកម្មរយៈពេលវែង និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងជំនួបជាមួយតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “សុចរិតភាពគឺជាមូលដ្ឋានគ្រឹះនៃជោគជ័យអាជីវកម្មសម្រាប់រយៈពេលវែង។”
ឯកឧត្តមបានគូសរំលេចសារៈសំខាន់នៃការរៀបចំអាជីវកម្មផ្លូវការ ផ្តោតលើជំនាញទន់ ការលើកកម្ពស់
ផលិតភាព និងភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានា។
តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា បានរាយការណ៍ថា បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៤៨៦ មានសាខាតាមរាជធានី-ខេត្តចំនួន ៥ និងមានគណៈកម្មាធិការចំនួន ១០ ដោយផ្តោតការកសាងសមត្ថភាព ការអភិវឌ្ឍអាជីវកម្ម ការតស៊ូមតិ និងនវានុវត្តន៍ទីផ្សារ។ តំណាងសមាគមក៏បានធ្វើបទបង្ហាញអំពីផែនការយុទ្ធសាស្ត្ររបស់ខ្លួន និងបំណងរបស់សមាគមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសកលនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំសមាគមឱ្យសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា និងសហគ្រិនខ្មែរ និងចូលរួមគំនិតផ្តួចផ្តើមនានារបស់ក្រសួង ដូចជាកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាគមរៀបចំដំណើរទស្សនកិច្ចទៅមជ្ឈមណ្ឌលកែច្នៃអាហារ ដែលក្រសួងនឹងដាក់ឱ្យដំណើរការនាពេលខាងមុខ ដើម្បីស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចំណីអាហារ ដែលបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញទៅទីផ្សារប្រទេសកូរ៉េ។
ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍