អាជ្ញាធរខេត្តស្ទឹងត្រែង បានបង្ហាញក្តីរំពឹងថា នាពេលអនាគត ខេត្តស្ទឹងត្រែង នឹងមានរោងចក្រ សហគ្រាសធំៗ ដែលវិនិយោគលើការផលិតផលកសិកម្មនានា ពិសេសលើការកែច្នៃគ្រាប់ស្វាយចន្ទី ដែលកំពុងមានសក្តានុពល និងជាដំណាំអាទិភាពរបស់ខេត្តស្រាប់។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តស្ទឹងត្រែង» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលថ្ងៃទី២៤ ខែមេសា លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានថ្លែងថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត ដែលគិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតផលដែលផលិតបានក្នុងវិស័យកសិកម្មបានរួមចំណែកធ្វើឱ្យមានកំណើន GDP របស់ខេត្តក្នុងរង្វង់ពី៦៧ទៅ៦៩%ក្នុង១ឆ្នាំៗ។
លោកបន្តថា ក្នុងចំណោមវិស័យដែលមានសក្តានុពលសំខាន់ៗរបស់ខេត្តស្ទឹងត្រែង វិស័យកសិកម្មជាវិស័យអាទិភាព១ដែលមានតួនាទីសំខាន់ក្នុងការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ យ៉ាងណាក្តី បើទោះបីជាខេត្តស្ទឹងត្រែង មិនមែនជាខេត្តដែលមានសក្តានុពលលើការដាំដុះដំណាំស្រូវ ប៉ុន្តែខេត្តនេះ ជាតំបន់ដែលមានសក្តានុពលទៅលើដំណាំកសិឧស្សាហកម្ម ដូចជាស្វាយចន្ទីជាដើម។
លោកទុំ នីរ៉ូ បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៨-២០២២ ដំណាំស្វាយចន្ទីនៅក្នុងខេត្តស្ទឹងត្រែង ដែលបានដំាដុះលើផ្ទៃចំនួន៤៤ពាន់ហិកតា បានផ្តល់ទិន្នផល ប្រមាណពី៩០ពាន់ទៅ១០០ពាន់តោន និងផ្តល់ចំណូលបានជាង១០០លានដុល្លារ ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ខេត្ត។
សម្រាប់ពត៍មាន បន្ថែមសូមចុចលើទីនេះ។
រៀបរាងដោយ៖ សែម ពិសី
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ២៥ មេសា ២០២៣