កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ខេត្តព្រះសីហនុ នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគេហទំព័រASEAN Access (https://www.aseanaccess.com/) និងKhmerSME (https://www.khmersme.gov.kh/)និងគោលការណ៍ណែនាំស្តីពីការចុះបញ្ជីអាជីវកម្ម ក្រោមដំបូលតែមួយ និងការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រាប់សហគ្រិនស្រ្តីកម្ពុជា។
គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះគឺ (១) ផ្សព្វផ្សាយអំពីគេហទំព័រ ASEAN Access និងKhmerSME ជូនដល់ សហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការបង្ហាញជូនពួកគាត់យ៉ាងលម្អិតអំពីដំណើរការនៃការចុះឈ្មោះជាមួយគេហទំព័រទាំងពីរ (អនុវត្តដោយទីភ្នាក់ងារ GIZ) និង (២) បទបង្ហាញអំពីអត្ថប្រយោជន៍នៃការទទួលសេវាក្រោមដំបូលតែមួយដល់សហគ្រិនស្ត្រីកម្ពុជា និងការទទួលបានធាតុចូលដើម្បីកសាងគោលនយោបាយគាំទ្រដល់ សហគ្រាសធុនមីក្រូ តូច និងមធ្យមជាស្ត្រី ដែលជំហានបឋមត្រូវបានធ្វើឡើងក្នុងពេលតែមួយ គឺការផ្សព្វផ្សាយអំពីនីតិវិធីនៃការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (អនុវត្តដោយ UNESCAP)។
នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយថ្ងៃនេះ មានអ្នកចូលរួមដោយផ្ទាល់ ចំនួន៤១នាក់ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមនៅខេត្តព្រះសីហនុ មន្ត្រីតំណាងក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងពាក់ពន្ធ័នានា សមាជិក សមាជិកា មកពីសមាគមសហគ្រិនស្ត្រីកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានស្វែងយល់លម្អិតអំពីសារប្រយោជន៍នៃគេហទំព័រASEAN Access និងគេហទំព័រKhmerSME និង ដំណើរការនៃការចុះឈ្មោះជាមួយគេហទំព័រទាំងពីរ ក៏ដូចជានីតិវិធីនៃការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា UNESCAP និងគាំទ្រដោយកិច្ចសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់ ក្រោមគម្រោង “ពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅអាស៊ាន” (ASEAN-SME) អនុវត្តដោយទីភ្នាក់ងារ GIZ ។ ជំហានបន្ទាប់ ក្រុមការងារធ្វើការផ្សព្វផ្សាយគេហទំព័រនៅខេត្តក្រចេះ ក្នុងខែឧសភា ២០២២។
ដោយ៖ ក្រុមការងារគេហទំព័រASEAN Access និង KhmerSME