(ខេត្តសៀមរាប)៖ កាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហគ្រិនវ័យក្មេង សមាគមសហគ្រិនស្ត្រីកម្ពុជា បណ្ដាញដៃគូ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាស្តីពីបរិវត្តកម្មឌីជីថល៖“ព័ត៌មានធុរកិច្ចឌីជីថល ការចុះបញ្ជីអាជីវកម្ម ការលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍជំនាញសម្រាប់វិបុលភាពរួមគ្នានៅកម្ពុជា និងអាស៊ាន” ក្រោមអធិបតីភាព ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឈា ឡាយហុី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យមនៃក្រសួង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកបណ្ឌិត Stefan HanSelmann នាយកគ្រប់គ្រងគម្រោងICONE នៃទីភ្នាក់ងារGIZ លោក សុខ ណារិន នាយកតំណាងប្រចាំប្រទេសកម្ពុជា របស់អង្គការUNIDO ព្រមទាំងវត្តមាន មន្ត្រីពាក់ព័ន្ធ តំណាង-ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន និងអាជីវករ សរុបចំនួន១២៦នាក់ បានចូលរួម។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយលម្អិតអំពីគេហទំព័រ ASEAN Access និងKhmerSME ឱ្យបានទូលំទូលាយជូនទៅដល់មន្ត្រីជំនាញពាក់ព័ន្ធ ម្ចាស់អាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្វែងយល់បន្ថែមទៅលើអត្ថប្រយោជន៍ ក៏ដូចជារបៀបប្រើប្រាស់គេហទំព័រខាងលើនេះ ដើម្បីពង្រីកអាជីវកម្មឲកាន់តែទូលំទូលាយ។ ក្នុងនោះផងដែរ សិក្ខាសាលាក៍ផ្តោតលើបង្កើនការយល់ដឹងអំពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធឌីជីថលទៅដល់សហគ្រាសធុនតូច និងមធ្យម បង្កើនផលិតភាពសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន លើកកម្ពស់ការយល់ដឹងអំពីសហគ្រាសធុនតូច និងមធ្យម និងការចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសនៅក្នុងសាលារៀន និងបង្កើតឱកាសបណ្តុះបណ្តាលបែបតម្រង់ទិស តាមរយៈបទបង្ហាញ និងវេទិកាពិភាក្សា។
គួររំលឹកផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្រោមការគាំទ្រពីគម្រោងសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់ “ពង្រឹងរចានសម្ព័ន្ធតំបន់សម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន (ASEAN-SME)” ដែលអនុវត្តដោយទីភ្នាក់ងារ GIZ ប្រចាំប្រទេសកម្ពុជា។
អត្ថបទដោយ៖ ក្រុមការងារគេហទំព័រKhmerSME