ជាមួយនឹងការដកពន្ធនាំចូល កម្ពុជារំពឹងថានឹងមានការនាំចេញអង្ករយ៉ាងហោចណាស់ ២០ម៉ឺនតោនទៅសហភាពអឺរ៉ុបក្នុងឆ្នាំនេះ។
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កំណត់ផែនការផ្សព្វផ្សាយយ៉ាងដិតដល់នូវអង្ករក្រអូបរបស់កម្ពុជានៅតាមបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ក្នុងគោលបំណងផ្សព្វផ្សាយពីគុណភាពអង្ករដល់អ្នកប្រើប្រាស់ក្នុងប្លុកនេះ។
ផែនការនេះត្រូវបានរៀបចំឡើងចំពេលដែលសហភាពអឺរ៉ុបបញ្ចប់ពន្ធនាំចូលរយៈពេលបីឆ្នាំលើអង្ករសគ្រាប់វែងរបស់ប្រទេសកាលពីសប្តាហ៍មុន។
លោក សុង សារ៉ន ប្រធាន CRF បានឲ្យដឹងថា CRF កំណត់ផែនការចូលរួមការតាំងពិព័រណ៍ក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប ដើម្បីជំរុញការលក់ដោយផ្ទាល់ដល់អតិថិជន។
លោកនិយាយថា៖ «តាមយុទ្ធសាស្ត្ររបស់យើង យើងនឹងចូលរួមការតាំងពិព័រណ៍ ដើម្បីលក់ដោយផ្ទាល់ដល់អតិថិជន។ ឥឡូវនេះពន្ធនាំចូលអង្ករបានបញ្ចប់ហើយ។ យើងនឹងទៅលក់ និងផ្សព្វផ្សាយអង្កររបស់យើងដោយផ្ទាល់ដើម្បីទទួលបានការគាំទ្រឡើងវិញ»។
CRF គ្រោងនឹងផ្សព្វផ្សាយអង្ករក្រអូបនៅប្រទេសបារាំង អាឡឺម៉ង់ ហូឡង់ បែលហ្សិក និងប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងហុងកុង។ លោកថាការផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងដោយផ្អែកលើថវិការបស់ CRF ដែលមាន ក៏ដូចជាការគាំទ្រពីដៃគូអភិវឌ្ឍន៍ផងដែរ។
CRF ក៏ជំរុញកសិករឲ្យជ្រើសរើសពូជស្រូវមានគុណភាពមកដាំ នោះពួកគេអាចផលិតស្រូវដែលមានគុណភាពសម្រាប់ការនាំចេញ។
លោកបន្តថា CRF គ្រោងនឹងផ្សព្វផ្សាយពូជស្រូវដែលមានគុណភាពដល់កសិករទៅកាន់ខេត្តក្នុងខេត្តផលិតស្រូវសំខាន់ៗជុំវិញបឹងទន្លេសាប។
ទីផ្សារសហភាពអឺរ៉ុបមានចំនួនជាង ៥០ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០១៦ ហើយចំនួននេះបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹមប្រហែល ២០ ភាគរយកាលពីឆ្នាំមុន ដែលភាគច្រើនដោយសារតែពន្ធនាំចូលលើអង្ករសគ្រាប់វែងរបស់កម្ពុជា។
ជាមួយនឹងការដកពន្ធនាំចូល កម្ពុជារំពឹងថានឹងមានការនាំចេញអង្ករយ៉ាងហោចណាស់ ២០ ម៉ឺនតោនទៅកាន់សហភាពអឺរ៉ុបនៅឆ្នាំនេះ។
លោក សារ៉ន បាននិយាយដោយសុទិដ្ឋិនិយមថា៖ «ការនាំចេញអង្ករឈានដល់ប្រហែល ១៥០.០០០ តោនទៅកាន់សហភាពអឺរ៉ុប ដូច្នេះបន្ទាប់ពីពន្ធនាំចូលបានបញ្ចប់ យើងរំពឹងថានឹងមានយ៉ាងហោចណាស់ ២០០.០០០ តោននៅឆ្នាំនេះ ឬរហូតដល់ ២៥០.០០០ តោននេះបើយោងតាមតម្រូវការខ្ពស់នៃអង្កររបស់កម្ពុជា។ បច្ចុប្បន្ននេះ ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញអង្កររបស់ប្រទេស បន្ទាប់មកគឺសហភាពអឺរ៉ុប»៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយៈ ជា វណ្ណយុទ្ធ
ព័ត៌មានៈ ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២