សមាជិកសហគ្រាសធុនតូច និងមធ្យម តាមរយៈសហគ្រិនខ្មែរ ឥឡូវនេះអាចស្នើប្រាក់កម្ចីពីធនាគារ វីង និងតាមរយៈប្រព័ន្ធឌីជីថលហិរញ្ញវត្ថុរបស់ វីង ដើម្បីជួយពួកគេឱ្យឆ្លងផុតពីផលប៉ះពាល់នៃវិបត្តិកូវីដ ១៩
សហគ្រិនខ្មែរ និងធនាគារ វីង (ខេមបូឌា) ម.ក ចាប់ដៃគូយុទ្ធសាស្ត្ររួមគ្នា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រតិបត្តិការរបស់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជាក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងសមស្របសម្រាប់សហគ្រិន ធុរកិច្ចបង្កើតថ្មី ព្រមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីពង្រីកឥទ្ធិពលនៅក្នុងប្រព័ន្ធអេកូឡូស៊ី។
តាមរយៈភាពជាដៃគូនេះ សហគ្រិនខ្មែរ និងធនាគារ វីង នឹងធ្វើការរួមគ្នា ដើម្បីជំរុញប្រតិបត្តិការរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យជាអាទិភាពសំខាន់ៗចំនួន ៤ រួមមាន វិស័យកសិកម្ម ផលិតកម្ម សេវាកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយផ្តល់ឱ្យពួកគេនូវឱកាសក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ វីង និងប្រព័ន្ធឌីជីថលហិរញ្ញវត្ថុរបស់ វីង។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖ «ភាពជាដៃគូថ្ងៃនេះជាមួយធនាគារ វីង នឹងផ្តល់ជម្រើសមួយផ្សេងទៀតដល់សមាជិកសហគ្រាសធុនតូច និងមធ្យមរបស់យើង ដែលកំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មរបស់ពួកគេ ជាពិសេសអ្នកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ ១៩»។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យមដើរតួនាទីសំខាន់នៅក្នុងសហគមន៍របស់យើង តាមរយៈការបង្កើតឱកាសការងារ និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗជាដើម។ ភាពជាដៃគូនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់កំណើនសហគ្រាសធុនតូច និងមធ្យម និងស្វែងរកឱកាសបន្ថែមទៀត ដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគេមាននិរន្តរភាព»។
ធនាគារ វីង មានបទពិសោធជាច្រើនឆ្នាំក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។ គិតត្រឹមឆ្នាំ ២០២០ ធនាគារ វីង បាននិងកំពុងធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យមចំនួនជាង ២ ៤០០ សម្រាប់សេវាកម្មប្រមូល និងទូទាត់ប្រាក់។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ: សហគ្រិនខ្មែរ
ព័ត៌មាន: ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ២២ វិច្ឆិកា ២០២១