សហគ្រិនស្ត្រីដែលជាសមាជិករបស់សមាគមសហគ្រិនស្ត្រីកម្ពុជា នឹងមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាបជាងតម្លៃទីផ្សារពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) ក្រោយពីស្ថាប័នទាំង ២ បានសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយគ្នាកាលពីពេលថ្មីៗនេះ។
សមាគមសហគ្រិនស្ត្រីកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលពីថ្ងៃទី ៩ កញ្ញា បានចុះអនុស្សរណៈនៃការយោគយល់ (MoU) មួយក្នុងគោលបំណងដើម្បីជួយគាំទ្រដល់ការរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកស្រី កែវ មុំ មានប្រសាសន៍ថា ការចុះ MoU នេះគឺមានគោលបំណងសំខាន់ ដើម្បីសហប្រតិបត្តិការគ្នាដ៏យូរអង្វែងរវាងសមាគមសហគ្រិនស្ត្រីកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីជួយគាំទ្រដល់ការរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសហការគ្នាក្នុងការផ្តល់ហិរញ្ញប្បទាន ឬបង្កើតកញ្ចប់ហិរញ្ញប្បទានជូនដល់សហគ្រិនស្ត្រី។
លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ រាល់សមាជិករបស់សមាគមដែលដាក់ពាក្យទទួលកម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានឹងទទួលបានការអនុគ្រោះបញ្ចុះការប្រាក់ប្រមាណ ០,២៥ ភាគរយធៀបទៅនឹងអត្រាទីផ្សារ។ ការណ៍នេះគឺជាលក្ខខណ្ឌដ៏មានអំណោយផលសម្រាប់សហគ្រិនជាស្ត្រីរបស់យើងមានលទ្ធភាពបន្ថែមទៀតក្នុងការទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាបដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត»។
លោក លឹម អូន បានមានប្រសាសន៍ក្នុងកម្មវិធីចុះហត្ថលេខានោះថា តាមរយៈការចុះ MoU នេះ សមាជិករបស់សមាគមនឹងមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ជាមួយលក្ខខណ្ឌអនុគ្រោះនានាក្នុងការទទួលបានឥណទាន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា៖ «ការចុះអនុស្សរណៈនេះ នឹងជួយឱ្យសហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់សមាគមសហគ្រិនស្ត្រីកម្ពុជា មានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យមានដំណើរការល្អប្រកបដោយនិរន្តរភាព»។
គិតត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ សហគ្រាសធុនតូច និងមធ្យម ស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ១៤៨ ដែលទទួលបានហិរញ្ញប្បទានពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ១៩,៨៦ លានដុល្លារអាមេរិក ឬស្មើនឹង ១៣,២៤% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។
ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៥% អាជីវកម្មផ្ទះសំណាក់មាន ២៣% អាជីវកម្មភោជនីយដ្ឋានមាន ៤០% និងអាជីវកម្មផ្គត់ផ្គង់ផលិតផល និងសេវាកម្មគាំទ្រវិស័យទេសចរណ៍មាន ១២% ដែលនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២