សភាពាណិជ្ជកម្មកម្ពុជា បានចាប់ផ្តើមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្ម ជាមួយធុរជនអូស្រ្តាលី ជាពិសេសនៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី បន្ទាប់ពីមានការិយាល័យតំណាងនៅក្នុងប្រទេសនេះ ដោយរំពឹងថា នឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែសកម្មជាងមុនបន្ថែមទៀត។
នៅមុន ១ ថ្ងៃ នៃការចូលរួមបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសអូស្រ្តាលីកាលពីថ្ងៃទី៧ ខែឧសភា លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយ លោកស្រី ឡូរ៉ា បឺក ប្រធានតំបន់អាស៊ីយអាគ្នេយ៍ នៃរដ្ឋាភិបាលវីចតូរីយ៉ា នៅការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច វិស័យសក្តានុពលទីក្រុងមែលប៊ន និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជា និងអូស្ត្រាលី។
នៅក្នុងជំនួបនោះ លោក លឹម ហេង បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្ត្រាលី បានគាំទ្រដល់ការជំរុញធុរកិច្ច និងវិនិយោគទ្វេភាគីឱ្យកាន់តែច្រើនឡើងថែមទៀត។
លោក លឹម ហេង ប្រាប់ថា ៖ «ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញធុរកិច្ច និងវិនិយោគប្រទេសទាំង២ ខណៈដែលកម្ពុជាបានផ្តល់ឱកាសធុរកិច្ច សក្តានុពល និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ការវិនិយោគ»។
បើតាមលោក លឹម ហេង ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា មាន២ ទីតាំង ដោយទីតាំងទី១ស្ថិតនៅទីក្រុងមែលប៊ន និងទី២ស្ថិតនៅទីក្រុងស៊ីដនី ដោយការិយាល័យទាំង២នេះ មានប្រធានតំណាង២រូប។
សម្រាប់ពត៍មានបន្ថែម សូមចុចលើទីនេះ។
រៀបរាងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ០៩ ឧសភា ២០២៣