សភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាននៅឆ្នាំនេះ

សភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាននៅឆ្នាំនេះ

 

ភ្នំពេញ​៖ សភាពាណិជ្ជកម្ម​កម្ពុជា សហការ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ឆ្នាំ​ ២០២២ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​៩ និង​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា ​កាលពី​ថ្ងៃទី ​៣០ ខែតុលា​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្តថា កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធានាធិបតី នាយករដ្ឋមន្ត្រី ធុរជន អ្នកជំនាញ មកពី​ប្រទេស អាស៊ាន និង​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ កិច្ចប្រជុំ​នេះ គឺជា​វេទិកា ដ៏​សំខាន់​សម្រាប់​សហគមន៍​ធុរកិច្ច ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស និង​ប្រធាន​ក្រុមហ៊ុន អំពី​ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង តំបន់​អាស៊ីអាគ្នេយ៍​។​

​ក្រៅពីនេះ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​អាស៊ាន ឥស្សរជន​ជាន់ខ្ពស់​ប្រទេស​អាស៊ាន​និង​ដៃគូ​អាស៊ាន ស្ថានទូត​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ធុរជន​ជាតិ​និង​អន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្ម​រាជធានី​-​ខេត្ត សភាពាណិជ្ជកម្ម​អន្តរជាតិ សមាគម​ពាណិជ្ជកម្ម ដៃគូ​អភិវឌ្ឍន៍ និង​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ប្រមាណ​ជាង ១ ០០០ នាក់ នៅ​ទីតាំង​ពិធី និង​ប្រព័ន្ធ​អន​ឡាញ​។

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ថ្លែងថា កិច្ចប្រជុំ​ធុរកិច្ច និង​វិនិយោគ​អាស៊ាន​នេះ ត្រូវ​បា​នធ្វើឡើង​វិលជុំ​ប្រចាំឆ្នាំ ប៉ុន្តែ​ជា​អកុសល ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​មកនេះ កិច្ចប្រជុំ​នេះ​មិនត្រូវ​បានរៀបចំ​ធ្វើ​នោះទេ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩។ ទោះជា​យ៉ាងណា នៅ​ឆ្នាំនេះ ពិតជា​មាន​ភ​ព្វ​សំណាង​សម្រាប់​កម្ពុជា ដែល​បាន​គ្រប់គ្រង​នូវ​ជំងឺ​នេះ​បាន​ដោយ​ជោគជ័យ និង​រៀបចំ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ និង​កិច្ចប្រជុំ​កំពូល​ផ្សេងទៀត​នៅក្នុង​ប្រទេស​។​

​លោក​បន្តថា កិច្ចប្រជុំ​កំពូល​នេះ នឹង​ដឹកនាំ​ដោយលោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្មកម្ពុជា​ និងជាប្រធាន​ដឹកនាំ​កិច្ចប្រជុំ​វិលជុំ ហើយក៏​មានការ​ចូលរួម​ពី​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា ។​ លោក​បន្ថែមថា កិច្ចប្រជុំ​នេះ ទៀត ពិតជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ក្នុង​បង្ហាញ​នូវ​សក្តានុពល និង​កាលានុវត្តភាព​ទៅ​ធុរជន​មកពី​តំបន់ និង​ពិភពលោក ដែល​បាន​ចូល​រួម​អមដំណើរ​ថ្នាក់ដឹកនាំ​កំពូល​មកពី​អាមេរិក ចិន កាណាដា កូរ៉េ និង​រុស្ស៊ី​ជាដើម។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា នេះ គឺជា ឱកាស​សម្រាប់​កម្ពុជា​យើង ក្នុងការ​បង្ហាញ​ពី​កាលានុវត្តភាព និង​ទាក់ទាញ​វិនិយោគ​មកកាន់​កម្ពុជា​យើង តាមរយៈ​យើង​មាន​សន្តិភាព សុវត្ថិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍល្អ ធ្វើឱ្យមាន​ជំនឿ​ចិត្ត​ក្នុងការ​វិនិយោគ ជាពិសេស​យើង​មានច្បាប់​វិនិយោគ​ថ្មី ដែលមាន​ការលើកទឹកចិត្ត​ច្រើន រួមជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​នានា​ដូចជា​ចិន កូរ៉េ ជាដើម»​។

​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ឆ្នាំ​ ២០២២​ នេះ ជាការ​ពិភាក្សា​អំពី​មុខ​ជំនួញ​ដែល​អាច​ផ្តល់ឱកាស​ឱ្យមាន​លំហូរ​វិនិយោគ ទៅវិញទៅមក ព្រមទាំង​បង្ហាញ​ពី​តម្រូវការ និង ការ​ឈានចូល​ទីផ្សារ​ក្នុងនៃ​អាជីវកម្ម​ផ្សេងៗ​។ ​លោក​បន្តថា តាមរយៈ​បម្រែបម្រួល នៃ​ខ្សែ​ចង្វាក់ផលិតកម្ម​លើ​សកលលោក កម្ពុជា​ក៏​ទទួលបាន​នូវទាក់ទាញ​វិនិយោគ​។​

​បើតាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ឆ្នាំ​ ២០២២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន នឹង​អញ្ជើញ​ជា​អធិបតី និង​ថ្លែង​សុន្ទរ​កថា​គន្លឹះ​ដើម្បី​បើកកិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន នៅ​ថ្ងៃទី ​១០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ យុទ្ធ​ វីរៈ

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d