ភ្នំពេញៈ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលពេលនេះមិនល្អ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាអត្រានៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ គឺកើនឡើងជាង ៤១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២០ ខែកញ្ញា បានឱ្យដឹងថា៖ «ក្នុងឆ្នាំ ២០២៣ នេះលំហូរវិនិយោគផ្ទាល់ពីបរទេសមានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦ ភាគរយសម្រាប់ឆមាសទី១ ឆ្នាំ ២០២៣ ធៀបនឹង ០,៤ ភាគរយ ឆ្នាំ ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងណាក្តី»។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ជាមួយនឹងភាពវិជ្ជមានរបស់ FDI នេះ វិស័យកសិកម្មត្រូវបានវាយតម្លៃថានឹងសម្រេចបានកំណើន ០,៩ ភាគរយដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានវាយតម្លៃថា ងើបឡើងវិញលឿនក្នុងអត្រា ៤១,៥ ភាគរយ។
ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវប៉ាន់ស្មានថា នឹងមានកំណើនរឹងមាំក្នុងអត្រា ១១,៧ ភាគរយ ដូចការរំពឹងទុកដែលគាំទ្រភាគច្រើនដោយការនាំចេញបន្ទះសូឡា ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការកើនឡើងគំហុកក្នុងអត្រា ១៧២ ភាគរយ។
ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកទឹកចិត្តចំពោះប្រជាកសិករ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំខាងលើ ក៏បានណែនាំដល់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធត្រូវខិតខំរកទីផ្សារសម្រាប់ប្រជាកសិករ ពិសេសនៅក្នុងរដូវច្រូតកាត់ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខ ព្រមទាំងផ្តល់ការពិគ្រោះយោបល់អំពីដំណាំសក្តានុពលសម្រាប់រដូវបន្ទាប់។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា កត្តាទីតាំងភូមិសាស្ត្រ ធនធានមនុស្ស ទីផ្សារនាំចេញ និងការធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់វិនិយោគ បានធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់វិនិយោគលើគ្រប់វិស័យ។ បច្ចុប្បន្នក្រៅពីការបណ្តាក់ទុនដ៏ច្រើនពីក្រុមហ៊ុនបរទេស ក៏មានវិនិយោគិនក្នុងស្រុកជាច្រើនបានបញ្ចេញប្រាក់មកវិនិយោគដែរ។
លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនាំចូលពីប្រទេសធំៗ ដែលកម្ពុជាមាន គឺកំពុងរួមចំណែកយ៉ាងច្រើនក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ជាមួយនឹងអ្វីដែលកម្ពុជាកំពុងមាន ខ្ញុំគិតថាអត្រាកំណើនការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជានឹងកើនបន្ថែមទៀត ពិសេសនៅពេលវិបត្តិនានាដែលកំពុងកើនពេលនេះបិទបញ្ចប់ទៅវិញ»។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍