ភ្នំពេញៈ ក្រុមហ៊ុន General Intelligence (Cambodia) របស់ចិនបានបោះទុនវិនិយោគចំនួន ២៩៧ លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតសម្បកកង់យានយន្តគ្រប់ប្រភេទក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីឱ្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd កាលពីថ្ងៃទី ២៥ ខែមករា ដោយមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោងនេះត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តព្រះសីហនុអះអាងថានឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត និងសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀតក្រោយវិបត្តិកូវីដ ១៩។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ក្រសួងពាណិជ្ជកម្មតែងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសក្នុងការផលិតទំនិញសម្រាប់នាំចេញ។ លោកបញ្ជាក់ថា៖ «ក្រសួងតែងលើកទឹកចិត្តគ្រប់ក្រុមហ៊ុនដែលមកវិនិយោគដើម្បីផលិតទំនិញនាំចេញសម្រាប់បំពេញតម្រូវការក្នុងស្រុក និងទីផ្សារអន្តរជាតិ»។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែមករាថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្បកកង់យានយន្តនេះ គឺជាដំណឹងរីករាយសម្រាប់ខេត្តព្រះសីហនុ ដោយគម្រោងដ៏មានសក្តានុពលមួយនេះ បង្ហាញពីការទុកចិត្តរបស់វិស័យឯកជន ចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជា។ លោកបន្ថែមថា នេះជាឱកាសមួយសម្រាប់ខេត្តព្រះសីហនុក្នុងការកសាងទំនុកចិត្តដល់អ្នកវិនិយោគ ក្នុងនាមជាខេត្តដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ ខណៈខេត្តទេសចរណ៍តំបន់ឆ្នេរនេះកំពុងកែប្រែខ្លួនឱ្យទៅជាតំបន់សេដ្ឋកិច្ចពហុបំណង។
លោកបញ្ជាក់ថា៖ « នាពេលខាងមុខ ខេត្តព្រះសីហនុនឹងមិនពឹងផ្អែកតែលើវិស័យសេវាកម្ម ឬទេសចរណ៍ទៀតទេ ប៉ុន្តែខេត្តនេះក៏នឹងប្រែក្លាយទៅជាខេត្តដែលពឹងផ្អែកលើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ការផលិតទំនិញ និងសម្ភារផ្សេងៗសម្រាប់នាំចេញផងដែរ»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ: ហំ ផានិត
ព័ត៌មាន: ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី២៧ ខែមករា ២០២២