រាជរដ្ឋាភិបាលកម្ពុជា តាមរយគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ ជំរុញឱ្យក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនប្រជាផលិតករនៅក្នុងស្រុក។
លោក យឹម ឆៃលី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ ថ្លែងក្នុងពិធីបើកសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ នាខេត្តស្វាយរៀង កាលពីថ្ងៃទី ៩ មេសា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នាទិញផលិតផលខ្មែរ បង្កើនការងារជូនពលរដ្ឋខ្មែរ»។
លោកថ្លែងថា លោកនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីជំរុញនិងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈ សមស្របតាមភូមិឋាន។ពិសេសស្រូបយកផលិតផលកសិកម្ម កែច្នៃជាចំណីអាហារឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែល្អប្រសើរឡើងស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ ផលិតផល១។
តាមរយៈសារលិខិត លោក យឹម ឆៃលី បានបញ្ជាក់ថា៖«គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនប្រជាផលិតកររបស់យើង»។
លោកថ្លែងថា គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១រាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការ ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្នុងការចងក្រងបណ្តាញសមាជិក ចលនាភូមិ១ ផលិតផល១ ឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍ តាំងបង្ហាញ និងលក់-ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។
សម្រាប់ពត័មានបន្ថែម សូមចុចលើទីនេះ។
រៀបរាងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញបុស្តិ៍
ថ្ងៃទី ១០ មេសា ២០២៣