ក្រសួងពាណិជ្ជកម្ម បានហៅសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ចូលរួមទីផ្សារអនឡាញ ដែលពួកគេអាចបង្ហាញផលិតផលរបស់ពួកគេសម្រាប់ការលក់ ដោយលើកឡើងថា ទីផ្សារអនឡាញនឹងឆាប់ ត្រូវបានបើកដំណើរការ។
ការអំពាវនាវនេះបានកើតឡើងខណៈដែលក្រសួងបានផ្អាកពិធីសម្ពោធទីផ្សារអនឡាញជាផ្លូវការតាំងពីខែតុលាឆ្នាំមុន។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងបានសម្រេចផ្អាកការបើកដំណើរការជាផ្លូវការក្នុងគោលបំណងជំរុញសហគ្រាសធុនតូច និងមធ្យមបន្ថែមទៀតឱ្យចូលរួមក្នុងទីផ្សារ។
លោកបានបន្តថា ក្រសួងបាននិងកំពុងធ្វើការដើម្បីដាក់ទីផ្សារអនឡាញក្នុងពេលឆាប់ៗនេះ ដោយលោកបានបន្ថែមថាពាណិជ្ជករទូទាត់ប្រាក់ តាមធនាគារបានតភ្ជាប់ទៅទីផ្សារអនឡាញ។
លោកមានប្រសាសន៍ថា «យើងពន្យារពេលដាក់ឱ្យដំណើរការនេះ ដោយសារតែយើងចង់ឱ្យមានភាពសុក្រឹតនៃការប្រើប្រាស់ប្រព័ន្ធ ដើម្បីធានាគុណភាពពីអ្នកលក់ និងគុណភាពដល់អតិថិជន»។
លោកលើកឡើងថា ក្នុងអំឡុងពេលនេះ ក្រសួងកំពុងវាយតម្លៃក្រុមហ៊ុនដែលដាក់ពាក្យសុំលក់នៅលើទីផ្សារអនឡាញ។
គិតត្រឹមខែវិច្ឆិកាឆ្នាំទៅ សហគ្រាសធុនតូច និងមធ្យមជាង ៣00 បានដាក់ពាក្យដើម្បីបង្ហាញផលិតផលរបស់ពួកគេនៅលើពាណិជ្ជកម្មកម្ពុជា ដែលជាទីផ្សារអនឡាញដែលផ្តួចផ្តើមដោយក្រសួងពាណិជ្ជកម្ម។
លោកបានបន្តថាអ្នកដាក់ពាក្យភាគច្រើនគឺនៅក្នុងវិស័យកសិឧស្សាហកម្ម សិប្បកម្ម អាហារនិងភេសជ្ជៈកែច្នៃ និងឧស្សាហកម្មវាយនភណ្ឌ។ ផលិតផលដែលមានសិទ្ធិសម្រាប់ទីផ្សារអនឡាញត្រូវតែផលិតក្នុងស្រុក និងធ្វើដោយដៃ នេះបើយោងតាមក្រសួង។
ទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលមានប្រតិបត្តិការក្នុងប្រទេសកម្ពុជា មានសិទ្ធិដាក់ពាក្យចូលរួមទីផ្សារ។
ប្រព័ន្ឋ CambodiaTrade e-marketplace ត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្របខណ្ឌសមាហរណកម្មដែលប្រសើរឡើងនៅប្រទេសស្វីសសម្រាប់ជំនួយទាក់ទងនឹងពាណិជ្ជកម្មសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។
រដ្ឋាភិបាលសង្ឃឹមថា ពាណិជ្ជកម្មកម្ពុជានឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមិនសូវពឹងផ្អែកលើជំនួយហិរញ្ញវត្ថុបរទេស។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបន្ថែមថា ការដាក់ឱ្យដំណើរការជាផ្លូវការនៃទីផ្សារអនឡាញនឹងត្រូវប្រកាសជាផ្លូវការ។
លោកមានប្រសាសន៍បន្ថែមថា ទីផ្សារត្រូវបានរៀបចំជាវេទិកាអនឡាញសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីលក់ផលិតផលដែលផលិតពីប្រទេសកម្ពុជាទៅកាន់អ្នកប្រើប្រាស់ក្នុងស្រុក និងបរទេស និងដៃគូអាជីវកម្ម។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយៈ ជា វណ្ណយុទ្ឋ
ព័ត៌មានៈ ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២