ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្រុងសៀមរាប ដោយយុទ្ធនាការនេះ នឹងរួមចំណែកធ្វើឱ្យពលរដ្ឋខ្មែរយល់ដឹងកាន់តែច្បាស់ ពីផលិតផលខ្មែរ និងគាំទ្រផលិតផលក្នុងស្រុកដែលមានគុណភាព។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យមានភាពរស់រវើក និងឱ្យកាន់តែប្រសើរឡើងនូវការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបនាខែក្រោយ។
ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ជាវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកត្រូវការផលិតផលយកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូលពីបរទេសជាជំហានៗ។
លោកស្រី កែវ មុំ ម្ចាស់សិប្បកម្មផលិតនំស្រួយលីលី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៧ ខែមករា ថា ផលិតផលនំស្រួយលីលីរបស់ក្រុមហ៊ុនលោកស្រី មិនដែលរំលងសូម្បីម្តង ក្នុងការចូលរួមយុទ្ធនាការទិញផលិតផលខ្មែរនេះ ទោះជាព្រឹត្តការណ៍នេះ រៀបចំនៅទីតាំងណាក៏ដោយ គឺតែងតែមានវត្តមានផលិតផលនំស្រួយលីលីក្នុងយុទ្ធនាការនោះជានិច្ច។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ តំណរភ្ចាប់នេះ
ដោយ៖ វណ្ណ សុជាតា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិចេ្ឆទ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣