មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ដែលគេស្គាល់ថាជាផ្សារដើមគរថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីសប្តាហ៍មុន ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកតំណាងនិងអ្នកពាក់ព័ន្ធដទៃទៀតនៃគម្រោងនេះ។
មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣០ហិចតា ស្ថិតនៅលើមហាវិថីឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឥឡូវនេះគឺជាទីផ្សារលក់ដុំដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។
មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនេះនឹងផ្តោតលើកសិផលដែលមានគុណភាពខ្ពស់ និងអនាម័យ ហើយអាចផ្ទុកផលិតផលក្នុងស្រុករហូតដល់ ៦០,០០០ តោន ដែលមានប្រភពមកពីទូទាំងប្រទេសកម្ពុជា រួមជាមួយនឹងការនាំចូលពីប្រទេសដៃគូពាណិជ្ជកម្មដូចជាប្រទេសចិន វៀតណាម និងថៃ។
គម្រោងនេះបានចាប់ផ្តើមការសាងសង់ជាលើកដំបូងក្នុងឆ្នាំ២០២២ ដែលដឹកនាំដោយសមាគមអភិវឌ្ឍន៍អាជីវកម្មគ័ងស៊ី (China’s Guangxi Business Development Association-GBDA) របស់ប្រទេសចិន។
ដំណាក់កាលទី១របស់ផ្សារនេះ ត្រូវបានបង្កើតឡើងដោយតូបបុគ្គលជាង ៦,០០០ ដែលឥឡូវនេះត្រូវបានជួលទៅឱ្យអាជីវករម្នាក់ៗ។
ឈានទៅដល់ការចាប់ផ្តើមបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ GBDA បានផ្ទេរតូបផ្សារដំបូងចំនួន៦០០០តូប ទៅម្ចាស់អាជីវកម្មក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំ ដោយរយៈពេល២ឆ្នាំដំបូងគឺមិនគិតថ្លៃទេ។
ថ្លែងនៅក្នុងពិធីសម្ពោធកាលពីថ្ងៃទី២៧ ខែមេសា លោក សៀ លូពីង (Xie Luping) ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ បានមានប្រសាសន៍ថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ទាំងអ្នកនាំចូល និងអ្នកនាំចេញ។
លោកបានមានប្រសាសន៍ថា ផ្សារនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រជាជនកម្ពុជា និងចិន និងប្រជាជនអាស៊ានផងដែរ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។
លោក សៀ ជឿជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនេះ នឹងជំរុញពាណិជ្ជកម្មកសិកម្មយ៉ាងខ្លាំងរវាងប្រទេសចិន កម្ពុជា និងបណ្តាប្រទេសអាស៊ាន ដោយផ្តោតលើផលិតផលកសិកម្មប្រកបដោយគុណភាព និងអនាម័យជាច្រើន។
លោកបានមានប្រសាសន៍ថា “យើងនឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធ ដើម្បីនាំយកកសិផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យជូនប្រជាជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តឲ្យផលិតផលកសិកម្មរបស់កម្ពុជាកាន់តែច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន”។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ James Whitehead
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទិ២ ខែឧសភា ឆ្នាំ២០២៤
ព័ត៌មាន៖ ខ្មែរ ថាមស៍