ភ្នំពេញ៖ កម្ពុជានឹងរៀបចំ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022: CTX 2022) ចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ដែលមានគោលបំណងបង្កើតថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បីកៀរគររដ្ឋសមាជិកអាស៊ាន មន្ដ្រី វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងផ្តល់ឱកាសសម្រាប់វិនិយោគិនក្នុងការស្វែងរកការវិនិយោគលើអាជីវកម្មបច្ចេកវិទ្យានៅកម្ពុជា។
ពិព័រណ៍បច្ចេកវិទ្យានេះ ត្រូវបានដឹកនាំរៀបចំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទទួលបានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
កម្មវិធីនេះ នឹងមានការដាក់ស្តង់ពិព័រណ៍សរុបប្រមាណ ៤០០ ស្តង់ និងសង្ឃឹមថានឹងមានអ្នកចូលរួមប្រមាណ ៦០ ០០០ នាក់មកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិក និងប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីបច្ចេកវិទ្យា ជាដើម»។ នេះបើយោងតាមក្រសួង។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុកក៏ដូចជាដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងទាញយកចំណាប់អារម្មណ៍វិនិយោគិនខាងក្រៅប្រទេស ឱ្យងាកសម្លឹងមកកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានផងដែរ។
លោកថ្លែងថា៖ «នេះជាការបោះជំហានសម្រាប់ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដែលមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៦។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កំពុងរៀបចំនិងជំរុញប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបានដាក់ចេញនូវគោលនយោបាយ និងផែនទីបង្ហាញផ្លូវជាបន្តបន្ទាប់»។ បើយោងតាមលោក ចម ប្រសិទ្ធ គោលនយោបាយ និងផែនទីបង្ហាញផ្លូវទាំងនោះរួមមាន គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល ព្រមទាំងគ្រោងនឹងរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់បច្ចេកវិទ្យាអាទិភាពមួយចំនួនទៀត ដែលបម្រើដល់សេដ្ឋកិច្ចនិងសង្គមកម្ពុជា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២