កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ក្រុមការងារគេហទំព័រKhmerSME និងASEAN Access បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃ ASEAN Access MATCH “វេទិកាផ្គូផ្គងអាជីវកម្មឆ្លងព្រំដែនរបស់អាស៊ាន” ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងជាសាធារណៈដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ម្ចាស់អាជីវកម្ម សមាគមន៍និងទីភ្នាក់ងារអាជីវកម្មនានា និងដើម្បីលើកកម្ពស់ការប្រើប្រាស់នូវថ្នាលឌីជីថលសម្រាប់អាជីវកម្មទៅអាជីវកម្ម (B2B) ។ ក៍ដូចជាចូលរួមផ្សព្វផ្សាយអំពី គេហទំព័រkhmerSME និង គេហទំព័រASEAN Access ដល់សាធារណៈជន និងម្ចាស់សហគ្រាសធុនតូច និងមធ្យមអោយមានការយល់ដឹងកាន់តែសុីជម្រៅអំពីគេហទំព័រទាំងពីរនេះ។
តាមរយៈថ្នាលឌីជីថលASEAN Access MATCH ជនបង្គោលជាតិ (NFPs) និងបណ្តាញដៃគូ (NPs) នៃគេហទំព័រASEAN Access អាចរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម សិក្ខាសាលា និងសកម្មភាពបង្កើតបណ្តាញអាជីវកម្មតាមអនឡាញ (ដោយឥតគិតថ្លៃ) សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់អាស៊ានតំណាងឱ្យប្រទេសជាសមាជិកទាំង១០ ដែលចង់ធ្វើពាណិជ្ជកម្មក្រៅប្រទេសមិនថានៅក្នុងតំបន់អាស៊ាន និងលើសពីនេះ។
ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃថ្នាលឌីជីថលASEAN Access MATCH ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់ក្រោមគម្រោង “ពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅអាស៊ាន” (ASEAN-SME Project) គណៈកម្មាធិការសម្របសម្រួលកិច្ចការអាស៊ានដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម (ACCMSME) ដោយទទួលបានជំនួយហិរញ្ញវត្ថុពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) ក្នុងការបន្តអភិវឌ្ឍន៍គេហទំព័រASEAN Access ក៏ដូចជាការផ្តល់ការគាំទ្របន្ថែមដល់ ដំណើរការអន្តរភាវូបនីយកម្មអាជីវកម្ម និងជួយជ្រោមជ្រែងសហគ្រាសធុនតូចនិងមធ្យមឱ្យចូលក្នុងទីផ្សារថ្មី។
ដើម្បីស្វែងយល់បន្ថែម ថាអាជីវកម្មរបស់លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ថ្នាលឌីជីថលផ្គូផ្គងពាណិជ្ជកម្មដោយរបៀបណា សូមចូលទៅកាន់គេហទំព័រASEAN Access៖ www.aseanaccess.com
ដោយៈ ក្រុមការងារគេហទំព័រKhmerSME