បដិវត្តន៍ឧស្សាហកម្ម ៤.០ ព្រមទាំងការលេចឡើងវត្តមានជំងឺកូវីដ១៩ នាចុងឆ្នាំ ២០១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើពាណិជ្ជកម្មនៅទូទាំងពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាហក់ឡើងយ៉ាងលឿនហួសពីការរំពឹងទុក។ ជាក់ស្តែងក្នុងឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក(Cambodia’s E-Commerce)នៅកម្ពុជា មានទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារ។
ឯកសារព្រឹត្តិបត្រពាណិជ្ជកម្ម(iTrade Bulletin) របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនារាត្រីថ្ងៃទី៧ ខែមេសា បង្ហាញថា កំណើនពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ក្នុងឆ្នាំ ២០២៤ មានទំហំទីផ្សារ ១,៥១ ពាន់លានដុល្លារ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ ១,៧៨ ពាន់ដុល្លារក្នុងឆ្នាំ ២០២៥ នេះ ដែលស្មើនឹងកំណើន ១៧,៨៨ ភាគរយ។ ទំហំពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា គឺស្មើនឹង ១,៣ ភាគរយ នៃទីផ្សារក្នុងតំបន់ដែលមានប្រមាណ ១១៦,៣៦ ពាន់លានដុល្លារ។
ពាណិជ្ជកម្មអេឡិចត្រូនិកក្នុងឆ្នាំ ២០២៤ បានរួមចំណែក ៦,៦៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា។ ពាណិជ្ជកម្មតាមបណ្តាញសង្គម Facebook, TikTok, និង Telegram កំពុងគ្របដណ្តប់លើទីផ្សារអនឡាញនៅកម្ពុជា។
ការទិញតាមប្រព័ន្ធបច្ចេកវិទ្យាភាគច្រើន គឺជាផលិតផលសម្លៀកបំពាក់ ដែលមានប្រមាណ ៣៧ ភាគរយ, ផលិតផលថែរក្សាសម្រស់ និងគ្រឿងសំអាង ២០ ភាគរយ និងការដឹកជញ្ជូនអាហារ ១៩ភាគរយ។
ឯកសារឱ្យដឹងទៀតថា ថ្នាលទិញទំនិញសំខាន់ៗនៅកម្ពុជា រួមមាន Facebook(១១,៦៥ លានគណនី),TikTok(៩,៩៦ លានគណនី) ក្រៅពីនោះមានដូចជា Khmer 24, និង Taobao។ អ្នកទិញភាគច្រើនបានចំណាយក្នុង ១ ដងក្នុង១ខែ ចន្លោះពី ១១ ទៅ ៥០ ដុល្លារ។
ការទូទាត់ប្រាក់ភាគច្រើនធ្វើឡើងតាមរយៈ QR code ដែលមានអត្រា ៤៧,១៥ ភាគរយ, ក្រដាសប្រាក់(ផ្ទាល់) ២៦,៥ ភាគរយ, ការផ្ទេរប្រាក់ ១៣,៣ ភាគរយ និងមធ្យោបាយផ្សេងៗទៀត ១៣,០៥ ភាគរយ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយៈ ហ៊ឹន ពិសី
កាលបរិច្ឆេទផ្សាយ:០៨ ខែមេសា ឆ្នាំ២០២៥
ព័ត៌មានៈ ភ្នំពេញ ប៉ុស្តិ័