ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ ក្នុងខែដំបូងឆ្នាំ ២០២២ នេះមានទឹកប្រាក់ជាង ១១១ លានដុល្លារ កើន ៣១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យពីសមាគមពាណិជ្ជកម្ម-អន្តរជាតិកូរ៉េ (Kita)។
យោងតាម Kita នៅខែមករា ឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េមានទឹកប្រាក់សរុប ១១១,៣២ លានដុល្លារកើនឡើង ៣១,០២ ភាគរយ ធៀបនឹងខែមករា ឆ្នាំ ២០២១ ដែលមាន ៨៤,៩៦ លានដុល្លារ។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅប្រទេសកូរ៉េ នាខែមករា ឆ្នាំ ២០២២ មានទឹកប្រាក់ ៣៣,០២ លានដុល្លារ កើន ១ ភាគរយពីចំនួន ៣២,៦៩ លានដុល្លារ ចំណែកទំនិញនាំពីកូរ៉េមកកម្ពុជា មានទឹកប្រាក់ ៧៨,៣ លានដុល្លារ កើនឡើង ៤៩,៨ ភាគរយពីចំនួន ៥២,២៦ លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកូរ៉េខាងត្បូងមានដូចជា សម្លៀកបំពាក់, ផលិតផលធ្វើដំណើរ, ស្បែកជើង, ភេសជ្ជៈ, កៅស៊ូ, ថ្នាំពេទ្យ, គ្រឿងបន្លាស់អេឡិចត្រូនិក, និងផលិតផលកសិកម្ម ហើយកម្ពុជានាំចូលមកវិញមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៨ ខែកុម្ភៈថា ទោះបីជាការនាំទំនិញពីកម្ពុជាមានទឹកប្រាក់តិចជាងការនាំចូលពីប្រទេសកូរ៉េជាងពាក់កណ្តាល ក៏កំណើនពាណិជ្ជកម្មទ្វេភាគីនេះបានបញ្ជាក់ថា ប្រទេសទាំង ២ គឺជាដៃគូពាណិជ្ជកម្មល្អមួយដែលអាចរក្សាបានកំណើនជាបន្តបន្ទាប់ទោះក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។ លោកបន្តថា ម្យ៉ាងទៀតផលិតផលដែលកម្ពុជានាំចូលមកពីប្រទេសកូរ៉េ ក៏ជាចំណែកដែលរួមក្នុងចង្វាក់ផលិតកម្មបម្រើឱ្យការផលិតទំនិញសម្រាប់ការនាំ-ចេញទៅលក់នៅទីផ្សារអន្តរជាតិផងដែរ។
លោកថ្លែងថា៖ «ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហេតុនេះតម្រូវការនាំចូលផលិតផលមួយចំនួនពីបរទេស ដើម្បីគាំទ្រដល់ចង្វាក់ផលិតកម្មខ្លួនប្រាកដជាមានច្រើន»។ លោកបន្ថែមថា៖ «ទោះយ៉ាងណាបរិមាណទំនិញកម្ពុជានាំទៅកូរ៉េត្រូវរំពឹងថានឹងកើនឡើងខ្ពស់នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំង ២ ចូលជាធរមាន»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញ
កាលបរិច្ចេទបោះពុម្ភៈផ្សាយ៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២