ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាមនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មានទឹកប្រាក់ជាង ១,៧ ពាន់លានដុល្លារ កើនជាង ១៣ ភាគរយបើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២១ ក្នុងនោះការនាំទំនិញពីវៀតណាមកើនឡើងជាង ២២ ភាគរយ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់សរុប ១ ៧២២,០៥ លានដុល្លារ កើនឡើង ១៣,៦ ភាគរយពីចំនួន ១ ៥១៥,៣ លានដុល្លារ ក្នុងនោះការនាំទំនិញពីកម្ពុជា មានចំនួន ៧៥៨,៨១ លានដុល្លារ កើន ៣,៩ ភាគរយ និងការនាំចូលទំនិញពីវៀតណាម មានចំនួន ៩៦៣,២៣ លានដុល្លារ កើនឡើង ២២,៧ ភាគរយ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា វៀតណាម គឺជាប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មធំទី ៣ ជាមួយកម្ពុជា តាមពីក្រោយប្រទេសចិន ដែលមានទឹកប្រាក់ជាង ២,៨ ពាន់លានដុល្លារ និងអាមេរិកជាង ២,២២ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ទំហំទឹកប្រាក់ការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាមបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកំណើននេះបញ្ជាក់ពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២។ លោកបន្តថា សម្រាប់កំណើនការនាំចេញទំនិញកម្ពុជាទៅវៀតណាម គឺភាគច្រើនមកពីការនាំចេញកសិផលដូចជា ស្រូវ កៅស៊ូ ល្ង ពោត សណ្តែក និងស្វាយចន្ទី ជាដើម។ វៀតណាម គឺជាទីផ្សារសំខាន់របស់កម្ពុជា ខណៈកន្លងមកប្រទេសទាំង ២ ធ្លាប់សន្យានឹងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនលើសពី ១០ ពាន់លានដុល្លារ។
លោកនិយាយថា៖ «កសិផល នឹងក្លាយជាទំនិញដ៏សំខាន់របស់កម្ពុជាក្នុងការបង្កើនឧត្តមភាពការនាំចេញទៅវៀតណាម។ បច្ចុប្បន្នវៀតណាមក៏ជាទីតាំងនៃការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ»។
កសិផល គឺជាទំនិញចម្បងគេដែលកម្ពុជានាំចេញទៅវៀតណាម ចំណែកផលិតផលវៀតណាម នាំមកកម្ពុជា មានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្តកសិកម្ម ជាដើម។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២