ក្រុមហ៊ុនចំនួន ១៣៥ បានចុះឈ្មោះនៅផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ (CambodiaTrade) ដែលជាវេទិកាទីផ្សារអនឡាញបានតាំងបង្ហាញផលិតផលជាង ១ ២០០ មុខដាក់លក់ទូទាំងពិភពលោកចាប់តាំងពីកម្មវិធីនេះបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមីនា។
លោកស្រី តឹក រ៉េតកំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបង្ហាញទិន្នន័យនេះក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី ៩ សីហាថា ក្រសួងស្វាគមន៍ចំពោះសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក (SME) ទាំងអស់ឱ្យចុះឈ្មោះនៅផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដើម្បីដាក់ផលិតផលអនឡាញ ដើម្បីលក់ទៅកាន់ទីផ្សារពិភពលោក។
លោកស្រីបានថ្លែងថា៖ «យើងសូមកោតសរសើរចំពោះសហគ្រាសធុនតូច និងមធ្យម ដែលចូលរួមជាមួយផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ជាពិសេសអ្នកដែលមានទីតាំងនៅតាមបណ្តាខេត្ត»។ លោកស្រីបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យលើកកម្ពស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។
លោកលើកឡើងថា៖ «សហគ្រាសធុនតូច និងមធ្យមទាំងអស់ ដែលកំពុងតាំងបង្ហាញផលិតផលនៅលើគេហទំព័រ Cambodiatrade.com បានរៀបចំយ៉ាងល្អ សម្រាប់ការបញ្ជាទិញ និងការទូទាត់តាមអេឡិចត្រូនិក ខណៈពេលដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក្នុងទម្រង់រវាងអាជីវកម្ម និងអាជីវកម្ម (B2B) ឬទីផ្សារអាជីវកម្មនឹងអតិថិជន (B2C)»។
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ៣១ ខែមីនាបានដាក់ឱ្យដំណើរការផ្សារពាណិជ្ជកម្មខេមបូឌាត្រេដជាវេទិកាអនឡាញមួយ ដែលមានដំណោះស្រាយទីផ្សាររួមបញ្ចូលគ្នាចាត់ទុកជាធាតុផ្សំសំខាន់នៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM)។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងក្នុងពិធីសម្ពោធផ្សារពាណិជ្ជកម្មខេមបូឌាត្រេដថាវានឹងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចក៏ដូចជាការលក់ផលិតផលកម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ ដែលលោកបានបញ្ជាក់ថាវាស្របតាមចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលក្នុងការទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី ៤ (4IR)។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២