ក្រុមហ៊ុន OCIC និងក្រុមហ៊ុនផ្សារទំនើប Big C បានសហការគ្នាបើកដំណើរការផ្សារទំនើបថ្មី ១ នៅក្នុងទីក្រុងរណបជ្រោយចង្វារ ដោយរំពឹងថា នឹងអាចទាក់ទាញទេសចរជាតិ និងទេសចរជាតិអន្តរជាតិដើរទស្សនាកម្សាន្ត ថែមទាំងផ្តល់ជម្រើសលើមុខទំនិញគ្រប់ប្រភេទ ទាំងផ្នែកអាហារ សម្លៀកបំពាក់ និងបរិក្ខារបច្ចេកវិទ្យាទំនើប ដែលនាំចូលពីប្រទេសថៃ។
កិច្ចសហការនេះ ត្រូវបានប្រកាសនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ ដោយភាគីទាំង ២ បានបង្ហាញពីការបន្តការប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃរួមគ្នា និងការផ្តួចផ្តើមគំនិតសម្រាប់សហគមន៍ ដោយផ្សារនេះជាផ្សារទំនើបខ្នាតយក្ស BIG C នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំជិត៣ហិកតា ជិតរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ OCIC លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC និង Mega Asset Management បានឱ្យដឹងថា គម្រោងសាងសង់ផ្សារទំនើបខ្នាតយក្ស BIG C របស់ក្រុមហ៊ុន OCIC និងក្រុមហ៊ុនផ្សារទំនើបលក់រាយខ្នាតយក្សរបស់ប្រទេសថៃ គឺមានគោលដៅសំខាន់បង្កើតភាពរីករាយ ដល់ពលរដ្ឋទូទៅ ទេសចរជាតិ អន្តរជាតិ ដើរទស្សនាកម្សាន្ត និងផ្តល់ជម្រើសលើមុខទំនិញគ្រប់ប្រភេទ។
លោកស្រីបន្តថា ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ អាចជ្រើសរើសមុខទំនិញទាំងផ្នែកអាហារគ្រប់ប្រភេទ ផ្នែកសម្លៀកបំពាក់ និងបរិក្ខារបច្ចេកវិទ្យាទំនើបនានាទៀត ដែលជាផលិតផលនាំចូលពីក្រៅប្រទេស មានគុណភាពម្រិតខ្ពស់ ព្រមទាំងបង្កើតឱកាសការងារជាច្រើនទៀតផងដែរ។
សម្រាប់អត្ថបទពេញ សូមចូលទៅកាន់តំណភ្ជាប់នេះ។
រៀបរៀងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញបុស្តិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ២៣ មេសា ២០២៣