ភ្នំពេញៈ កម្ពុជាគ្រោងបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Alibaba Group ដើម្បីនាំយកផលិតផលខ្មែរទៅដាក់លក់នៅទីផ្សារប្រទេសចិន និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ី តាមរយៈ App Lazada ដើម្បីបង្កើនការនាំចេញផលិតផលសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។
គម្រោងកិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference ស្តីអំពី «សហប្រតិបត្តិការរវាងក្រុមហ៊ុន Alibaba Group ជាមួយរាជរដ្ឋាភិបាលកម្ពុជា» រវាងលោក យឹម ឆៃលី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ជាមួយតំណាងក្រុមហ៊ុន Alibaba Group កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។
លោក Song Juntao អគ្គលេខាធិការ eWTP នៃក្រុមហ៊ុន Alibaba ប្រទេសចិន បានលើកឡើងថា វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ហៅកាត់ eWTP គឺជាវេទិកានៃកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដែលមានសណ្ឋានជាពហុភាគី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមរយៈប្រព័ន្ធ Online។
លោកបានបន្ថែមថា eWTP ដែលត្រូវបានបង្កើត និងចាប់ដំណើរការពីឆ្នាំ ២០១៦ គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Alibaba Group ហើយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេស G20 ក្នុងឆ្នាំ ២០១៦ លើសពីនេះ eWTP ត្រូវបានទទួលស្គាល់ដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដែលមានកិច្ចសហប្រតិបត្តិការជាមួយ Alibaba។
eWTP នឹងធ្វើការជាមួយដៃគូក្នុងស្រុក និងបរទេសដើម្បីបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលចំនួន ៤ រួមមានប្រតិបត្តិការសកល ការដឹកជញ្ជូន ហិរញ្ញវត្ថុទូទាត់ និងបណ្តាញវេទិកាសេវាសាធារណៈ ស្វែងយល់ពីច្បាប់ថ្មីនៃពាណិជ្ជកម្មឌីជីថលតាមរយៈការអនុវត្តអាជីវកម្ម និងលើកកម្ពស់ពាណិជ្ជកម្មតាមបច្ចេកវិទ្យាឌីជីថល និងកិច្ចសហប្រតិបត្តិការរួមបញ្ចូលការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព។ នេះបើតាមលោក Song Juntao។
លោកថ្លែងថា៖ «នាពេលបច្ចុប្បន្ន eWTP បានអនុវត្តក្នុងប្រទេសចំនួន ៦ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ ដោយនៅក្នុងទ្វីបអាស៊ីមានប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ ចក្ខុវិស័យរបស់ eWTP គឺជួយប្រទេសដៃគូនៅក្នុងការពង្រីកការនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សបរិស្ថាន»។
លោកបញ្ជាក់ទៀតថា ក្រៅពីទីផ្សារប្រទេសចិនគេហទំព័រ Alibaba.com ក៏បានជួយដល់សហគ្រាសធុនតូច និងមធ្យមដោយបាននាំចេញទៅជាង ២០០ ប្រទេសជុំវិញពិភពលោក តាមរយៈអនឡាញ ហើយក្រុមហ៊ុនជិត ១ ពាន់នៅប្រទេសម៉ាឡេស៊ី និងថៃក៏ជាសមាជិករបស់ Alibaba នេះផងដែរ។ លើសពីនេះទៀតការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុន Alibaba ក៏មានគេហទំព័រ Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេនៅអាស៊ីអាគ្នេយ៍ ហើយកំពុងបម្រើអតិថិជន ៦៥០ លាននាក់ក្នុង ៦ ប្រទេសរួមមាន ថៃ (Lazada.co.th) ឥណ្ឌូនេស៊ី (Lazada.co.id), វៀតណាម (Lazada.vn), សិង្ហបុរី (Lazada.sg), ម៉ាឡេស៊ី (Lazada.com.my), និងហ្វីលីពីន (Lazada.com.ph)។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ: នៅ ស៊ីវុត្ថា
ព័ត៌មាន: ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២