លោក ជា វ៉ាន់ដេត (កណ្តាល, លើ) ចូលរួមក្នុងសិក្ខាសាលាស្តីពី «ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube» កាលពីថ្ងៃទី ២០ ខែសីហា។ រូបថត ភ្នំពេញប៉ុស្ដិ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រោមកិច្ចសហការពីស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងអភិវឌ្ឍ «ប្រព័ន្ធអេកូស៊ីស្ដែមឌីជីថល» ដើម្បីគាំទ្រវិស័យធុរកិច្ចអនឡាញដែលមាននិន្នាការពេញនិយមទាំងនៅកម្ពុជា និងនៅពិភពលោក ដែលគេរំពឹងថា វានឹងរួមចំណែកដល់ការកសាងសេដ្ឋកិច្ចដ៏រឹងមាំក្នុងអំឡុងពេល និងក្រោយពេលការរីករាលដាលជំងឺកូវីដ ១៩។
លោកស្រី Sonali Dayaratne មន្ដ្រីទទួលបន្ទុក UNDP Cambodia បានឱ្យដឹងថា ប្រព័ន្ធអេកូស៊ីស្ដែមឌីជីថល មានគោលបំណងសំខាន់ៗដូចជា បង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការទទួលយកពាណិជ្ជកម្មអេឡិចត្រូនិក និងការបង្កើន និងការកែលម្អសមត្ថភាពរបស់មីក្រូសហគ្រាសធុនតូច និងមធ្យម (MSMEs) លើមធ្យោបាយនៃការធ្វើអាជីវកម្មតាមបែបឌីជីថល។
លោកស្រីកត់សម្គាល់ថា ទិសដៅនៃគំនិតផ្ដួចផ្ដើមនេះនឹងបង្កើនសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងចំណោមសហគ្រាស និងអតិថិជន។
លោកស្រីថ្លែងថា៖ «គំនិតផ្តួចផ្ដើមនេះ ត្រូវបានបង្កើតឡើងកាលពីខែមេសាឆ្នាំនេះ ហើយនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំនេះ។ ហេតុនេះ យើងសង្ឃឹមថា សហគ្រាស និងអតិថិជនកាន់តែច្រើននឹងចូលរួមជាមួយពួកយើងដើម្បីសម្រេចបានគោលបំណងប្រកបដោយមហិច្ឆតានៃការរួមបញ្ចូលមួយនេះ»។
លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា សម្ព័ន្ធឌីជីថលកាន់តែរឹងមាំ នឹងជំរុញនិរន្តរភាពអាជីវកម្ម ជាមួយនឹងបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់ MSME។
លោក វ៉ាន់ដេត បញ្ជាក់៖ «កម្មវិធីនេះយើងទទួលបានការសហការរៀបចំពីទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (AusAID) និង UNDP នៅកម្ពុជា រួមជាមួយសមាគមពាណិជ្ជកម្មនៃស្ថាប័នហិរញ្ញវត្ថុ និងអាជីវកម្មឌីជីថលនៅកម្ពុជា ដើម្បីគាំទ្រការចាប់យក និងការបន្តសកម្មភាពអាជីវកម្មអនឡាញក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ ព្រមទាំងជំរុញឆ្ពោះទៅរកអនាគតឌីជីថលកាន់តែមានសុវត្ថិភាពនៅកម្ពុជា»។
លោកស្រី Dayaratne បន្ថែមថា ដើម្បីធ្វើឱ្យមានភាពជាក់លាក់ នៅពេលនេះយើងមាន SME ជាង ៥០០ ដែលចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធីបណ្ដុះបណ្ដាលលើជំនាញឌីជីថល ហើយ SME និងអតិថិជនជាង ៥០០ ០០០ បានចូលរួមក្នុងយុទ្ធនាការយល់ដឹងពីពាណិជ្ជកម្មអេឡិចត្រូនិក លើអត្ថប្រយោជន៍នៃដំណោះស្រាយឌីជីថល និងប្រព័ន្ធទូទាត់ឌីជីថល។
ដោយ: ធូ វិរះ
ព័ត៌មាន: ភ្នំពេញ ប៉ុស្ដិ៍
សម្រាប់អត្តបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ
កាលបរិច្ជេទបោះពុម្ពផ្សាយ: ២៤ សីហា ២០២១