ភ្នំពេញៈ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី (Hong Leong (Cambodia) Plc) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងសមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកចំណេះដឹងជំនាញ ផ្តល់ការប្រឹក្សា និងឱកាសផ្គូផ្គងអាជីវកម្ម ដើម្បីគាំទ្រដល់កំណើន SMEs នៅកម្ពុជា ព្រមទាំងជួយសម្រួលដល់អាជីវកម្ម និងការវិនិយោគដែលមានសក្តានុពលរវាងប្រទេសទាំង ២។
MoU នេះធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហការ និងគាំទ្រដល់កំណើន SME របស់កម្ពុជា។
លោក Terrence Teoh នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី និងលោក Ding Hong Sing ប្រធានជាន់ខ្ពស់សមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ីបានចុះហត្ថលេខាលើ MoU នេះកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
លោក EldeenHusaini ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងលោក ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានធ្វើជាសាក្សីនៅក្នុងកម្មវិធីនេះ។
លោក Terrence Teoh បានថ្លែងថា៖ «យើងចែករំលែកគោលដៅដូចគ្នាជាមួយប្រទេសកម្ពុជា គឺដើម្បីជំរុញស្មារតីសហគ្រាស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈ MoU នេះខ្ញុំជឿថា សមត្ថភាពរួមរបស់យើង និងការយល់ដឹងយ៉ាងស៊ីជម្រៅនៃទីផ្សារទាំង ២ អាចជួយឱ្យ SME កម្ពុជា និងម៉ាឡេស៊ីរបស់យើងឱ្យស្វែងរកឱកាសផ្គូផ្គងអាជីវកម្មទៅវិញទៅមក។ ទន្ទឹមនឹងនេះក៏មានការតភ្ជាប់ទំនាក់ទំនងគ្នាជាមួយនឹងដំណោះស្រាយអាជីវកម្ម និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ពិសេសក្នុងការច្នៃប្រឌិតផ្នែកឌីជីថលឱ្យកាន់តែមាននិរន្តរភាព»។
តំណាងឱ្យសមាគមសហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសម៉ាឡេស៊ី លោក Ding Hong Sing បាននិយាយថា MoU នឹងជំរុញកិច្ចសហប្រតិបត្តិការគ្នា។
លោកថ្លែងថា៖ «គោលបំណងរបស់យើងគឺដើម្បីចែករំលែកជំនាញ និងចំណេះដឹងតាមរយៈទស្សនកិច្ចសិក្សា សិក្ខាសាលា និងសិក្ខាសាលាជាមួយដៃគូអាជីវកម្មពាក់ព័ន្ធ។ ការរួមបញ្ចូលនេះយើងនឹងអាចជួយសហគ្រាសធុនតូច និងមធ្យមឱ្យដឹងពីសក្តានុពលពេញលេញរបស់ពួកគេ និងចាប់យកឱកាសរវាង SME កម្ពុជា និងម៉ាឡេស៊ីដែលកំពុងរីកចម្រើន»៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ហំ ផានិត
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២