ធនាគារសហគ្រាសធុនតូច និងមធ្យម (SME BANK) នៅកម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់វិស័យកែច្នៃគ្រាប់ស្វាយចន្ទី និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ក្រោមវត្តមានលោកបណ្ឌិត លឹម អូន នាយកប្រតិបត្តិនៃធនាគារសហគ្រាសធុនតូច និងមធ្យម (SME BANK) កម្ពុជា និងលោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា។
តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នា នេះ សហគ្រាសដែលជាសមាជិកនៃសហព័ន្ធស្វាយចន្ទីកម្ពុជាអាចស្នើសុំគម្រោងហិរញ្ញវត្ថុដែលមានអត្រាការប្រាក់សមរម្យពីធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
លោកបណ្ឌិត លឹម អូន អូន បានបញ្ជាក់ថា កិច្ចសហការរបស់ធនាគារនេះ គឺជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីជំរុញកំណើននៃវិស័យស្វាយចន្ទីរបស់កម្ពុជា។
លោកបានសង្កត់ធ្ងន់ថា “ធនាគារ SME នៃកម្ពុជាចាត់ទុក MoU នេះថាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈមនានាចំពោះឧស្សាហកម្មគ្រាប់ស្វាយចន្ទី រួមទាំងអ្នកកែច្នៃ និងអ្នកនាំចេញ និងជំរុញឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាទៅកាន់កម្រិតខ្ពស់ថ្មី”។
ចំណែក លោក អាន តារា បានបង្ហាញសុទិដ្ឋិនិយមចំពោះការចុះហត្ថលេខាលើអនុស្សរណៈនេះ ដែលផ្តោតលើការលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា ស្របតាមគោលនយោបាយជាតិ ដើម្បីជំរុញកំណើននៃវិស័យស្វាយចន្ទី។
លើសពីនេះ អនុស្សរណៈនៃការយោគយល់គ្នា នេះ មានគោលបំណងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃប្រកបដោយជោគជ័យ និងនិរន្តរភាពទៅកាន់ទីផ្សារសកល។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃចំនួន ៤២២,៤៨២ តោន ទៅក្រៅប្រទេសក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ថយចុះ ១០,១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សម្រាប់អត្ថបទដើម សូមអាននៅទីនេះ
ដោយ៖ AKP
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០២៣
ដោយ៖ ខ្មែរ ថាមស៍