ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ាន ក្នុងឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១៦ ពាន់លានដុល្លារ កើនឡើងតិចតួចបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយចំនួននេះ គឺស្មើនឹងជិត ១/៣ នៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
របាយការណ៍បូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ បានបង្ហាញថា ក្នុងឆ្នាំ ២០២២ ការនាំចេញនាំចូលទំនិញរវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានទឹកប្រាក់សរុប ១៦ ០៥៣ លានដុល្លារ កើនជាង ១,៣៥ ភាគរយបើធៀបនឹងចំនួន ១៥ ៨៣៨ លានដុល្លារក្នុងឆ្នាំ ២០២១។ ទំហំពាណិជ្ជកម្មកម្ពុជាអាស៊ាន គឺស្មើនឹង ៣០,៦២ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងឆ្នាំ ២០២២ ដែលមានប្រមាណ ៥២ ៤២៥ លានដុល្លារ។
ផ្អែកតាមតួលេខខាងលើ គឺទំនិញដែលកម្ពុជានាំទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានចំនួន ៣ ២៩៧ លានដុល្លារ កើន ១៣,១៤ ភាគរយធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ២ ៩១៤ លានដុល្លារ។ ទឹកប្រាក់ការនាំទំនិញទៅប្រទេសក្នុងតំបន់អាស៊ាន គឺស្មើនឹង ១៤,៦៦ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាទៅទីផ្សារអន្តរជាតិដែលមាន ២២ ៤៨៣ លានដុល្លារ។ ចំណែកការនាំទំនិញពីបណ្តាប្រទេសក្នុងតំបន់អាស៊ានមកកម្ពុជា គឺមាន ១២ ៧៥៦ លានដុល្លារ ធ្លាក់ចុះ ១,២៩ ភាគរយពី ១២ ៩២៤ លានដុល្លារក្នុងឆ្នាំ ២០២១។ ចំនួនទឹកប្រាក់នៃការនាំទំនិញក្នុងតំបន់អាស៊ាន មកកម្ពុជា គឺស្មើនឹង ៤២,៦ ភាគរយនៃការនាំចូលទំនិញសរុបពីទីផ្សារអន្តរជាតិ ដែលមានចំនួន ២៩ ៩៤២ លានដុល្លារ។
បើតាមក្រសួងពាណិជ្ជកម្ម ប្រទេសវៀតណាម និងថៃ គឺជាទីផ្សារឈានមុខគេក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដោយពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាវៀតណាម ក្នុងឆ្នាំ ២០២២ មានចំនួន ៦ ១៣៦ លានដុល្លារ កើន ២០ ភាគរយ និងថៃ ចំនួន ៤ ៦៦៤ លានដុល្លារ កើន ១៤ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែកុម្ភៈថា ដោយសារមានទីតាំងភូមិសាស្ត្រនៅជិតគ្នា ដូច្នេះប្រទេសក្នុងតំបន់អាស៊ាន គឺជាទីផ្សារទទួលទិញទំនិញ (កសិផល) សំខាន់មួយរបស់កម្ពុជា ខណៈបច្ចុប្បន្នចំនួនប្រជាជនក្នុងតំបន់នេះមានលើសពី ៦៦០ លាននាក់។ លោកបន្តថា កត្តាចំនួនប្រជាជន បូកបន្ថែមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាសម្រេចបានជាមួយប្រទេសចិន និងកូរ៉េខាងត្បូង គឺកំពុងធ្វើឱ្យកម្ពុជាក្លាយជាមេដែកឆក់ទាញអ្នកវិនិយោគកាន់តែច្រើនឱ្យមកបណ្តាក់ទុនផ្ទាល់ ដើម្បីផលិត និងនាំចេញទំនិញទៅលក់ក្នុងប្រទេសជាសមាជិកអាស៊ាន។
សម្រាប់ពត៍មានបន្ថែម សូមចុច លើទីនេះ
រៀបរៀងដោយ៖ ហ៊ឹន ពិសី
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ៦ កុម្ភះ ២០២៣