លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា (NBC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥.៣ ភាគរយនៅឆ្នាំនេះ កើនឡើងពី ៣ ភាគរយនៅឆ្នាំ២០២១។
លោកបាននិយាយនៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារកណ្តាលថា “កំណើននេះនឹងត្រូវបានគាំទ្រជាចម្បងដោយការកើនឡើងនៃការនាំចេញផ្នែកផលិតកម្ម ការកើនឡើងនៃសំណង់ និងអចលនទ្រព្យ ព្រមទាំងវិស័យកសិកម្ម និងការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍” ។
សេដ្ឋកិច្ចកម្ពុជាជាប្រពៃណីពឹងផ្អែកលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ សំណង់ អចលនទ្រព្យ កសិកម្ម និងទេសចរណ៍។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាននិយាយថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA) ដែលចូលជាធរមានកាលពីថ្ងៃទី១ ខែមករា បាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបានប្រាប់ Xinhuaថា «តាមរយៈ RCEP និង CCFTA យើងមានទំនុកចិត្តថាទំហំនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន និងប្រទេសសមាជិក RCEP ផ្សេងទៀតនឹងកាន់តែធំ ជាពិសេសការនាំចេញកសិផលដែលមានសក្តានុពលដូចជាអង្ករ ដំឡូងមី ចេក និងស្វាយ ផលិតផលឧស្សាហកម្ម និងទំនិញកែច្នៃ។ ។
RCEP មានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ គឺប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួន៥ទៀតគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែលសេឡង់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដ៏ធំនេះនឹងលុបបំបាត់ពន្ធគយរហូតដល់ ៩០ ភាគរយលើទំនិញដែលត្រូវបានជួញដូរក្នុងចំណោមប្រទេសហត្ថលេខីរបស់ខ្លួនក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ Xinhua
ព័ត៌មាន៖ ខ្មែរ ថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២