ភ្នំពេញៈ ទឹកប្រាក់ដែលកម្ពុជាបានចំណាយលើការនាំចូលដែក និងដែកថែបពីទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ មានតម្លៃជាង ២៧១ លានដុល្លារ កើនជាង ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមស្ថិតិនាំចូលទំនិញ គឺការនាំចូលដែក និងដែកថែប ចាប់ពីខែមករា-កញ្ញា ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ២៧១,៧៨ លានដុល្លារ កើនឡើង ២០,១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ មានចំនួន ២២៦,៣៨ លានដុល្លារ។ ចំនួនទឹកប្រាក់នេះ គឺស្មើនឹង ១,១ ភាគរយនៃទឹកប្រាក់ដែលកម្ពុជានាំចូលទំនិញសរុបពីទីផ្សារអន្តរជាតិចំនួន ២៣ ៧៦៤,២៦ លានដុល្លារ។
សម្រាប់ខែកញ្ញា ឆ្នាំ ២០២២ ទឹកប្រាក់ដែលចំណាយលើការនាំចូលដែក និងដែកថែប គឺមានចំនួន ២៧,០២ លានដុល្លារ កើនឡើង ២០,៩ ភាគរយធៀបខែកញ្ញា ឆ្នាំ ២០២១ ។
អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនទឹកប្រាក់នាំចូលដែក និងដែកថែប គឺដោយសារតែសំណង់អគារដែលមានម្ចាស់ជាវិនិយោគិនក្នុងស្រុកជាច្រើនកំពុងមានដំណើរការសាងសង់ជារៀងរាល់ថ្ងៃ។ ចំណែកសំណង់ធំៗ ដែលមានម្ចាស់ជាវិនិយោគិនបរទេស គឺមិនសូវមានដំណើរការសាងសង់ទេ ព្រោះជាប្រភពទុននៅក្រៅប្រទេស ហើយត្រូវបានធ្វើឱ្យជាប់គាំងដោយសារវិបត្តិជំងឺកូវីដ ១៩ និងព្រឹត្តិការណ៍នយោបាយពិភពលោក។ លោកបន្តថា វិស័យសំណង់កម្ពុជាត្រូវការពេលបន្ថែមទៀត ដើម្បីអាចចាប់ផ្តើមរីកចម្រើនឡើងវិញដូចនៅមុនអំឡុងឆ្នាំ ២០១៩ ។
លោកបញ្ជាក់ថា៖ «កំណើនទឹកប្រាក់នាំចូលដែក គឺដោយសារសំណង់ប្រភេទលំនៅឋានមានសកម្មភាពសាងសង់ច្រើន ប៉ុន្តែភាគច្រើនគឺមិនមែនជាគម្រោងថ្មីនោះទេ»។
បន្ថែមពីលើនេះ លោក ជីវស៊ីវផេងអ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបាននិយាយថា វិស័យសំណង់នៅកម្ពុជានៅមិនទាន់មានដំណើរការល្អទេបើមើលទៅតាមចំនួនគម្រោង និងទុនវិនិយោគ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យសាងសង់ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ។ ស្ថានភាពនេះអាចអូសបន្លាយពេលបន្ថែមទៀត ប្រសិនបើស្ថានភាពភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងភាពច្បាស់លាស់។
លោកនិយាយថា៖ «អ្វីដែលមាននៅពេលនេះ គឺភាគច្រើនជាគម្រោងចាស់ និងមានអ្នកវិនិយោគជាអ្នកនៅក្នុងស្រុកតែប៉ុណ្ណោះ។ សម្រាប់ការវិនិយោគគម្រោងអគារខ្ពស់ៗ ដែលមានទុនវិនិយោគច្រើន គឺនៅត្រូវការពេលបន្ថែមទៀត»។
នៅក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ ក្រសួងរៀបចំដែនដី ដែលបានផ្តល់ច្បាប់អនុញ្ញាតឱ្យគម្រោងសាងសង់ចំនួន ២ ៨១១ គម្រោង ធ្លាក់ចុះ ៩០ គម្រោងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន និងមានទុនវិនិយោគសរុប ១ ៦៦២ លានដុល្លារ ធ្លាក់ចុះ ៥៦,៧ ភាគរយ។ ក្នុងគម្រោងទាំង ២ ៨១១ គឺមានគម្រោងលំនៅឋានចំនួន ២ ៥២១ គម្រោង (ស្មើនឹង ៨៩,៧ ភាគរយ) ដោយធ្លាក់ចុះចំនួន ៩ គម្រោង។
កាលពីខែដើមខែធ្នូ ២០២០ មានរោងចក្រផលិតដែកថែបមួយរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.ក ដែលវិនិយោគដោយវិនិយោគិនចិនក្នុងទឹកប្រាក់ ១៦,៧ លានដុល្លារបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ដោយអាចមានសមត្ថភាពផលិតដែកបាន ៥០០ ០០០ តោន ក្នុងដំណាក់កាលដំបូង៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២