កម្ពុជារកប្រាក់បានជិត ២២,៥ ពាន់លានដុល្លារពីការនាំទំនិញទៅលក់នៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ កើនឡើងជាង ១៦ ភាគរយបើធៀបឆ្នាំ ២០២១ ខណៈទំហំពាណិជ្ជកម្មអន្តរជាតិបានកើនដល់ជាង ៥២,៤ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ បង្ហាញថា ក្នុងឆ្នាំ ២០២២ ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានសរុប ៥២ ៤២៤,៥៣៩ លានដុល្លារកើន ៩,២ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៤៨ ០១១,៨ លានដុល្លារ។
បើតាមទិន្នន័យខាងលើ គឺទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំទំនិញទៅទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២២ គឺមានចំនួន ២២ ៤៨២,៩៣៧ លានដុល្លារ កើន ១៦,៤ ភាគរយពីចំនួន ១៩ ៣០៨,៩១ លានដុល្លារកាលពីឆ្នាំ២០២១ និងទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិ មានទឹកប្រាក់ ២៩ ៩៤១,៦០២ លានដុល្លារ កើនឡើង ៤,៣ ភាគរយ។
ទោះយ៉ាងណា យោងតាមទិន្នន័យខាងលើ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៧ ៤៥៨,៦៦៤ លានដុល្លារ ដោយទឹកប្រាក់នាំចេញរបស់កម្ពុជាស្មើនឹងប្រមាណជាង ៤២,៨៨ ភាគរយនៃការនាំចេញនាំចូលសរុប។
អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១០ ខែមករា ថា ចំនួនទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិសម្រាប់ឆ្នាំ ២០២៣ នេះនឹងបន្តកើនឡើងថែមទៀត ពីព្រោះការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកន្លងមកដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP),ព្រមទាំងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទៅសហគមន៍អឺរ៉ុប (EBA) និងអាមេរិក GSP នឹងបន្តដើរតួនាទីក្នុងការនាំយកផលិតផលកម្ពុជាទៅដាក់លក់នៅទីផ្សារប្រទេសកាន់តែច្រើន។
ទាក់ទងនឹងឱនភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិ លោក លឹម ហេង បានប្រាប់ថា មិនមែនជាក្តីបារម្ភទេ ព្រោះផលិតផលដែលកម្ពុជានាំចូល គឺមានមួយចំនួនជាវត្ថុធាតុដើម ឬគ្រឿងបង្គុំសម្រាប់ដំណើរការផលិតកម្មនាំចេញ និងមួយចំនួនប្រើសម្រាប់ទៅកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញការវិនិយោគថ្មីៗ។
លោកថ្លែងថា៖ «ខ្ញុំជឿថាចំនួនទឹកប្រាក់បានពីការនាំចេញរបស់កម្ពុជានឹងបន្តកើនថែមទៀតក្នុងឆ្នាំ ២០២៣ នេះ។ ចំនួនការវិនិយោគថ្មីៗក៏នឹងបន្តកើនឡើងផងដែរ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា កំណើនទឹកប្រាក់នាំចេញរបស់កម្ពុជា ២ ខ្ទង់ កាលពីឆ្នាំ ២០២២ បង្ហាញថា ចន្ទល់សេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំល្អ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួននៅបន្តជាប់គាំងដែលបណ្តាលមកពីវិបត្តិជាច្រើនដូចជា ជំងឺកូវីដ ១៩ ការកើនឡើងតម្លៃប្រេងឥន្ធនៈ សង្គ្រាមនៅប្រទេសអ៊ុយក្រែន និងជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗ។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ចាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិចេ្ឆទ៖ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣