ភ្នំពេញៈ ប្រទេសចិននៅបន្តឈរលំដាប់ទី ១ ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេដោយមានបរិមាណជិត ១៥ ម៉ឺនតោននៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជាដែលមានជាង ២៨ ម៉ឺនតោន នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ចាប់ពីខែមករា-ខែឧសភា ឆ្នាំ ២០២២ ការនាំចេញអង្ករកម្ពុជាទៅទីផ្សារក្រៅប្រទេសសម្រេចបាន ២៨៣ ៦៧៥ តោន កើនឡើង ២១,៧៣ ភាគរយបើធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះដែរចំពោះខែឧសភា ការនាំចេញអង្ករសម្រេចបាន ៦២ ៥៣៧ តោន កើនឡើង ៥៤,២៨ ភាគរយបើធៀបនឹងខែឧសភា ឆ្នាំ ២០២១។
ជាមួយគ្នានេះដែរគេសង្កេតឃើញថា ទីផ្សារចិននៅតែស្រូបយកអង្ករពីកម្ពុជាបានច្រើនជាងគេ ដោយនៅក្នុងរយៈពេល ៥ ខែនេះ កម្ពុជានាំអង្ករទៅចិនបានប្រមាណ ១៤៩ ៤៧៧ តោន កើន ៥២,៦៨ ភាគរយ ខណៈការនាំចេញទៅអឺរ៉ុបមានចំនួន ៨១ ៩៣១ តោន កើន ២៨,៨៨ ភាគរយ, តំបន់អាស៊ាន ២៥ ៦៩១ តោន កើន ៩,០៦ ភាគរយ និងទិសដៅផ្សេងៗមានចំនួន ២៦ ៦០៦ តោន កើនឡើង ៩,៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ដោយឡែកប្រភេទអង្ករដែលបាននាំចេញរួមមាន អង្ករក្រអូប ១៨៤ ១១២ តោន កើន ៦៤,៩ ភាគរយ, អង្ករសគ្រាប់វែង ៩៥ ៥៣៩ តោន កើនឡើង ៣៣,៦៨ ភាគរយ, និងអង្ករចំហុយគ្រាប់វែង ៤ ០២៤ តោន កើនឡើង ១,៤២ ភាគរយបើធៀបរយៈពេល ៥ ខែ ក្នុងឆ្នាំ ២០២១។
លោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករ កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែមិថុនា ថា ការកើនឡើងបរិមាណនាំចេញអង្ករនេះ គឺដោយសារតែការបញ្ចប់ការយកពន្ធពី EU ចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ ២០២២ ដែល EU បានដាក់កាលពីឆ្នាំ ២០១៩ តាមរយៈវិធានរក្សាការពារ Safeguard Measurement។
លោកបន្ថែមថា ទីផ្សារចាប់ផ្តើមវិលរកស្ថានភាពដើមមុនការដាក់ពន្ធនាំចូល ស្របពេលការបញ្ជាទិញពីចិននៅមានកំណើនថេរ គឺជាង ៥០ ភាគរយនៃការនាំចេញសរុបពីកម្ពុជា។
លោកថ្លែងថា៖ «ការនាំចេញគឺយើងនាំចេញអង្ករក្រអូបភាគច្រើន គឺមិនសំខាន់យកបរិមាណដូចការនាំចេញអង្ករសដែលមានកម្រិតប្រាក់ចំណេញតិចបំផុតនោះទេ។ ចំពោះតម្លៃវិញមានការកើនឡើងប្រមាណ ១០ ភាគរយ ដោយសារការនាំចេញក្នុងរយៈពេលចុងក្រោយនេះគឺការនាំចេញអង្ករសភាគច្រើន ដែលជាប្រភេទអង្ករមានតម្លៃទាប។ ប៉ុន្តែចំពោះល្បឿនការនាំចេញនេះយើងយល់ថា គោលដៅដែលក្រសួងកសិកម្ម ក៏ដូចជាសហព័ន្ធស្រូវអង្ករ ជំរុញការនាំចេញឱ្យបានចន្លោះពី ៧៥ ទៅ ៨០ ម៉ឺនតោន គឺពិតជាអាចសម្រេចបាន»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ហំ ផានិត
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២