ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ — ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ដែលផ្តោតលើការបណ្តុះទេពកោសល្យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើង ជាមួយនឹងការដាក់ដំណើរការគំនិតផ្តួចផ្តើមនវានុវត្តន៍ចំនួន៤ និងវេទិកាស្តីពីបញ្ញាសិប្បនិម្មិត (AI) ។
ទិវាជាតិលើកទី៣ ក្រោមមូលបទ “បណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នេះ បានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សិស្ស-និស្សិត អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍មកពីទូទាំងតំបន់ រួមមានកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន កូរ៉េ និងអង្គការសហប្រជាជាតិ ដើម្បីជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងទិវាជាតិនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើកឡើងថា៖ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចបាននូវឆន្ទៈប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០៥០។ ការវិនិយោគលើមូលធនមនុស្សក្នុងវិស័យអាទិភាព ជាមូលដ្ឋានមិនអាចបង្អង់ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើតចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាស្ទែម។”
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការអភិវឌ្ឍវិស័យនេះពុំអាចសម្រេចទៅបាននោះទេ បើគ្មានប្រព័ន្ធអេកូឡូស៊ីមួយសមស្របប្រកបដោយនវានុវត្តន៍។ ដើម្បីគាំទ្រប្រព័ន្ធនវានុវត្តន៍នេះ ធនធានមនុស្យដែលមានទេពកោសល្យគឺជាកត្តាចម្បងកំណត់នូវគ្រឹះសម្រាប់ភាពជោគជ័យ។”
ឯកឧត្តមក៏បានលើកឡើងពីតួនាទីស្នូលរបស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស ក្នុងការដឹកនាំ និងកំណត់ទិសដៅជាយុទ្ធសាស្ត្ររបស់កម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖“បច្ចេកវិទ្យាមានសក្តានុពលក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច លើកកម្ពស់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមដែលសង្គមជាតិបានកំពុងនឹងជួបប្រទះ។ ប៉ុន្តែ បច្ចេកវិទ្យា ក៏បានផ្តល់នូវក្តីបារម្ភ និងបញ្ហាប្រឈមដែលមានលក្ខណៈស្មុគស្មាញមួយចំនួនផងដែរ ដូចជាតម្រូវការធនធានហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគធនធានមនុស្ស ក្រមសីលធម៌ និងក្របខណ្ឌគតិយុត្តិមួយចំនួន ដើម្បីធានាបាននូវការអភិវឌ្ឍ សន្តិសុខ សុវត្ថិភាព តម្លាភាព គណនេយ្យភាព និងសមភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។”
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP កំពុងសិក្សាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួមមួយរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ «The Community of Practice»។ នេះជាអភិក្រមថ្មីមួយ ដែលផ្តល់អាទិភាពដល់ការផ្លាស់ប្តូរចំណេះដឹង និងការបង្កើតរួមគ្នានូវយុទ្ធសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទប្រទេស តំបន់ និងពិភពលោក។
កម្មវិធីសំខាន់ៗនៃទិវាជាតិលើកទី៣នេះ រួមមានវេទិកាស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា (AI for All) ដែលផ្តោតលើការអភិវឌ្ឍ និងគ្រប់គ្រងបច្ចេកវិទ្យា AI ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងកិច្ចពិភាក្សាស្តីពី “ការបណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ដោយបង្ហាញការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យាជួរមុខ រួមទាំងបច្ចេកវិទ្យាពិនិត្យវិភាគជំងឺទឹកនោមផ្អែមដោយប្រើ AI បច្ចេកវិទ្យា Blockchain និងសុវត្ថិភាពបច្ចេកវិទ្យា។
ទិវាជាតិក៏បានជ្រើសរើសជ័យលាភីពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និងពានរង្វាន់នវានុវត្តន៍សាធារណៈ ក្នុងគោលដៅលើកម្ពស់ឧត្តមភាពផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងការស្រាវជ្រាវ ផ្តោតលើការដោះស្រាយបញ្ហាក្នុងសង្គម និងក្នុងការផ្តល់សេវាសាធារណៈ។
គំនិតផ្តួចផ្តើមនវានុវត្តន៍ចំនួនបួនដែលបានដាក់ឱ្យដំណើរការក្នុងកម្មវិធីនេះរួមមាន៖
1. ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍៖ បង្កើតឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃប្រទេសកូរ៉េខាងត្បូង ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវជាតិដែលប្រទាក់ក្រឡាគ្នា និងមានប្រសិទ្ធភាព។
2. ប្រព័ន្ធទិន្នន័យធុរកិច្ចឆ្លាតវៃ៖ គាំទ្រដោយមូលនិធិរដ្ឋាភិបាលជប៉ុនក្រោមក្របខ័ណ្ឌ ACMECS ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការចូលប្រើប្រាស់សេវានានាបានភ្លាមៗ រួមទាំងការរៀបចំសម្រង់តម្លៃ (quotation) ការដេញថ្លៃ ការជ្រើសរើសបុគ្គលិក ព័ត៌មានអំពីអាហារូបករណ៍ សេវាមន្ទីរពិសោធន៍ សេវាព្យាសកម្ម និងធនធានស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលដំណើរការដោយកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។
3. កម្មវិធីពិនិត្យចក្ខុរោគបណ្តាលមកពីជំងឺទឹកនោមផ្អែមដោយប្រើបញ្ញាសិប្បនិម្មិត៖ ជាគំនិតផ្តួចផ្តើមរួមគ្នារវាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌល Guizhou សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ។ កម្មវិធីនេះប្រើបច្ចេកវិទ្យា AI ដើម្បីពិនិត្យរកមើលជំងឺទឹកនោមផ្អែម ដោយវិភាគរូបភាពបាតភ្នែករបស់អ្នកជំងឺ ដែលអាចធ្វើរោគវិនិច្ឆ័យបឋមបានទាន់ពេល មុននឹងការពិនិត្យលម្អិត ដើម្បីដោះស្រាយបន្ទុកដែលកំពុងកើនឡើងនៃជំងឺទឹកនោមផ្អែមនៅកម្ពុជា។
4. ថ្នាលបច្ចេកវិទ្យាទេសចរណ៍៖ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Beijing Yiyan Technology Development Co., Ltd. ដើម្បីសម្រួលការធ្វើដំណើរ ដោយផ្តល់ការណែនាំផ្ទាល់ខ្លួនអំពីកន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងព័ត៌មានអំពីប្រវត្តិសាស្ត្រ តាមរយៈបច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត។ កម្មវិធីនេះក៏ផ្តល់ព័ត៌មានទាក់ទងនឹងការគ្រប់គ្រងចំនួនភ្ញៀវទេសចរនៅតាមទីតាំងទេសចរណ៍ និងការរៀបចំគោលនយោបាយ ដែលធានាឱ្យមានបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូន ដើម្បីលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ឆ្លាតវៃ។
ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ថា៖ “វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពុំមែនជាភារកិច្ចរបស់ក្រសួងណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែវាមានចរិតជាអន្តរវិស័យ ប្រទាក់ក្រឡាគ្នា ដែលទាមទារឱ្យមានការចូលរួមសហការគ្នាជិតស្និទ្ធ ប្រកបដោយសុឆន្ទៈពិតប្រាកដ ក្នុងក្របខណ្ឌអន្តរក្រសួង-ស្ថាប័ន រួមទាំងវិស័យឯកជនផងដែរ ដោយគិតគូរលើផលប្រយោជន៍រួមរបស់ប្រទេសជាតិជាធំ មិនប្រកាន់ជំហរក្រសួងនិយម ឬមិនធ្វើការដាច់ដោយឡែកពីគ្នានោះទេ។”
ដោយ:ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍