សហគ្រាស Home Taste Food បាននាំចេញផលិតលផលត្រីកែច្នៃដំបូងរបស់ខ្លួនទៅកាន់ប្រទេសអូស្ត្រាលី ដោយក្លាយជាក្រុមហ៊ុនដំបូងរបស់កម្ពុជាក្នុងការនាំចេញផលិតផលត្រីប្រភេទនេះទៅកាន់ទីផ្សារបរទេស។
អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រាប់កាសែតខ្មែរថាមស៍ថា ផលិតផលត្រីចំនួន ៤,៧ តោនត្រូវបាននាំចេញ ហើយនឹងដាក់លក់នៅផ្សារទំនើបនានាក្នុងប្រទេសអូស្ត្រាលីឆាប់ៗនេះ។
អ្នកស្រីបានបន្តថា “វាជាជំហានដ៏សំខាន់មួយសម្រាប់យើងជាសហគ្រាសក្នុងស្រុក ហើយវាគឺជាសក្ខីភាពមួយចំពោះគុណភាពនៃផលិតផល”។
អ្នកស្រីបានបន្ថែមថា សហគ្រាសនេះមានសមត្ថភាពក្នុងការបង្កើនផលិតកម្ម ប្រសិនបើតម្រូវការកើនឡើងក្នុងទីផ្សារបរទេស ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងកសិកម្មបានិយាយថា “វត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅក្នុងទីផ្សារបរទេសគឺជាការវិវត្តន៍ដ៏គួរអោយកត់សម្គាល់”។
អ្នកស្រីបានបញ្ជាក់ប្រាប់ខ្មែរថាមស៍ថា “Home Taste Food គឺជាសហគ្រាសកម្ពុជាដំបូងគេដែលនាំចេញផលិតផលត្រីកែច្នៃទៅកាន់ទីផ្សារបរទេស”។
ក្រសួងកសិកម្មនឹងបន្តគាំទ្រដល់ក្រុមហ៊ុនដែលឥឡូវនេះមានគោលបំណងពង្រីកការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងនូវែលសេឡង់ឲ្យបានជាង ១០០តោននាពេលខាងមុខ។
ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងស្វែងរកឱកាសនាំចេញផលិតផលត្រីកែច្នៃទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ Chea Vanyuth
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
ព័ត៌មាន៖ ខ្មែរថាមស៍