ដំណាំកសិកម្មរបស់កម្ពុជាចំនួន ៩ មុខមានសក្តានុពលខ្ពស់សម្រាប់នាំចេញទៅទីផ្សារប្រទេសមួយចំនួន រួមមាន ចិន អឺរ៉ុប អាស៊ាន អូស្ដ្រាលី និងនូវែសេឡង់។ នេះបើយោងតាមការសិក្សាអំពីកត្តាទីផ្សាររបស់កម្មវិធីចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC)។
លទ្ធផលនៃការសិក្សាដែលចេញផ្សាយកាលពីថ្ងៃទី ២៥ ខែសីហា បង្ហាញថា ដំណាំកសិកម្មដែលត្រូវបានជ្រើសរើសមានដូចជា ផ្លែប៊ឺ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និងចំណិតចេកក្រៀម។
ផលិតផលពីកម្ពុជាមិនអាចប្រកួតប្រជែងជាមួយផលិតផលប្រទេសជិតខាងបាន ដោយកត្តាបរិមាណ និងទំហំសេដ្ឋកិច្ច ដូច្នេះការយល់ដឹងអំពីទីផ្សារពិតជាសំខាន់ណាស់។
ការសិក្សារបស់ CAVAC បានបង្ហាញថា ដំណាំកសិកម្មមានតម្លៃខ្ពស់ និងសក្តានុពលចំនួន ៩ មុខសម្រាប់ការនាំចេញនៅក្នុងទីផ្សារសំខាន់ៗដូចជាចិន អឺរ៉ុប អាស៊ាន អូស្ដ្រាលី និងនូវែលសេឡង់។
ការសិក្សាស៊ីជម្រៅលើទិន្នន័យ ដូចជាទំហំទីផ្សារពិភពលោក និងសក្ដានុពលកំណើន ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ចំពោះដំណាំផ្សេងៗ វិធានការអនាម័យ និងភូតគាមអនាម័យ និងរបាំងមិនមែនពន្ធគយផ្សេងទៀតចំពោះពាណិជ្ជកម្ម ការប្រើប្រាស់ផលិតផល (ស្រស់ ឬកែច្នៃ) ដៃគូប្រកួតប្រជែងសំខាន់ៗ និងចន្លោះឱកាសដ៏មានសក្ដានុពល។ បញ្ហាប្រឈមការនាំចេញរបស់ដំណាំកសិកម្មទាំងនេះក៏ត្រូវបានសិក្សាដែរ។
លោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅក្នុងសុន្ទរកថាបិទព្រឹត្តិការណ៍នេះថា លទ្ធផលដែលបានសិក្សានេះនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងសម្រាប់វិស័យកសិកម្មនៅកម្ពុជា។
លោក សូរស័ក្ដិ ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ការសិក្សានេះនឹងគិតគូរពីការអភិវឌ្ឍរបស់កម្ពុជា ទំនាក់ទំនងពាណិជ្ជកម្ម ហើយភាគីពាក់ព័ន្ធរបស់យើងអាចស្វែងរកផលិតផល និងទីផ្សារថ្មីៗ ទៅកាន់ប្រទេសអូស្ដ្រាលី នូវែលសេឡង់ អឺរ៉ុប អាស៊ាន និងចិន ដែលត្រូវបានបង្ហាញសញ្ញាសម្គាល់តម្រូវការខ្ពស់»។
CAVAC កំពុងតាក់តែងផែនការរៀបចំវេទិកាស្តីពីការផ្សព្វផ្សាយលទ្ធផលសិក្សានេះ៕
ដោយ: ធូ វិរះ
ព័ត៌មាន: ភ្នំពេញប៉ុស្ដិ៍
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ
កាលបរិច្ជេទបោះពុម្ពផ្សាយ: ២៦ សីហា ២០២១