ចំណូល​ពី​ការ​នាំ​ចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី មាន​ជាង ១,៤​ពាន់​លាន​ដុល្លារ​អាមេរិក

ចំណូល​ពី​ការ​នាំ​ចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី មាន​ជាង ១,៤​ពាន់​លាន​ដុល្លារ​អាមេរិក

 

កម្ពុជា​រក​ប្រាក់​បាន​ប្រមាណ​ជាង ១,៤ពាន់​លាន​ដុល្លារ​អាមេរិក ពី​ការ​នាំ​ចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា​(Electrical machinery and equipment and part thereof) ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ៨ ខែ​ដើម​ឆ្នាំ​២០២៤ ធ្លាក់​ចុះ​ ១/៣ ដង​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ខណៈ​អ្នក​សេដ្ឋកិច្ច​យល់​ឃើញ​ថា​ភាព​អវិជ្ជមាន​នេះ​បណ្តាល​មក​ពី​កំណើន​សេដ្ឋកិច្ច​សកល​មិន​រឹងមាំ។

ទិន្នន័យ​កត់​ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បង្ហាញ​ថា ចាប់​ពី​ខែ​មករា​ ដល់​ខែ​សីហា ឆ្នាំ​ ២០២៤ ការ​នាំ​ចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២​ ខ្ទង់​)​ ដែល​មាន​លេខ​កូដ ៨៥ ​រួមមាន​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មាន​ទឹក​ប្រាក់​សរុប ១ ៤១០,៣៤ ​លាន​ដុល្លារ​ ធ្លាក់​ចុះ​ ​៣៤,៨ ភាគរយ​បើធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន ២ ១៦២,៣៩ ​លាន​ដុល្លារ​។

ទឹក​ប្រាក់​នេះ​ ស្មើ​នឹង ៨ ភាគរយ​នៃ​ទឹក​ប្រាក់​នាំ​ចេញ​សរុប​របស់​កម្ពុជា​រយៈ​ពេល ៨ ​ខែ​ឆ្នាំ​ ២០២៤ ដែល​មាន​ចំនួន ១៧,៥៨​ពាន់​លាន​ដុល្លារ។

GDCE បាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ខែ​សីហា ឆ្នាំ​២០២៤ ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​លេខ​កូដ ៨៥ មាន​ចំនួន ២២៦,១៧ លាន​ដុល្លារ ធ្លាក់​ចុះ ២៥,៣ ​ភាគរយ​ធៀប​ខែ​សីហា ឆ្នាំ​២០២៣ ដែល​មាន​ ៣០២,៨៨​ លាន​ដុល្លារ។

ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៤ ខែ​តុលា លោក ហុង វណ្ណៈ សេដ្ឋវិទូ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​ទឹក​ប្រាក់​នាំចេញ​ទំនិញ​ប្រភេទ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី ក្នុង​អំឡុង​នេះ​អាច​បណ្តាល​មក​ពី​កត្តា​ចម្បង​ចំនួន ២ គឺ​កំណើន​សេដ្ឋកិច្ច​សកល​មិន​រឹងមាំ​ដែល​ជះឥទ្ធិពល​ដល់​ចង្វាក់​ផលិតកម្ម​ខ្លះ និង​កំណើន​ការ​នាំ​ចេញ​ដ៏​ច្រើន​កាល​ពី​ឆ្នាំ​ ២០២៣។

លោក​បន្ថែម​ថា ការ​នាំ​ចេញ​ផលិតផល​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​ នឹង​កើន​ឡើង​វិញ​នៅ​ពេល​សេដ្ឋកិច្ច​សកល​បោះ​ជំហាន​ទៅ​មុន​លឿន ព្រោះ​នៅ​ពេល​សេដ្ឋកិច្ច​ដើរ​ល្អ តម្រូវ​ការ​វត្ថុ​ប្រើ​ប្រាស់ និង​ការ​ចំណាយ​របស់​មនុស្ស​ក៏​នឹង​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។

លោក​បាន​អះអាង​ថា៖​«ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​មួយ​ចំនួន​បាន​ជំរុញ​ឱ្យ​អ្នក​ប្រើ​ប្រាស់​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​វត្ថុ ឬឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ដែល​មិន​ចាំបាច់​ខ្លាំង​ដូច​ម្ហូប​អាហារ។ នៅ​ពេលសេដ្ឋកិច្ច​សកល​ដំណើរ​ការ​ល្អ ការ​បញ្ជា​ទិញ​ឧបករណ៍​ទាំង​អស់​ខាង​លើ​នឹង​មាន​សម្ទុះ​ឡើង​វិញ»។

ដើម្បី​បង្កើន​ទំនាក់​ទំនង ពង្រីក​ការ​ផ្សព្វផ្សាយ និង​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស ជា​ពិសេស​វិនិយោគិន​អាមេរិក និង​កាណាដា ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ព្រម​ទាំង​បញ្ជា​ទិញ​ទំនិញ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន គណៈ​ប្រតិភូ​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន​កម្ពុជា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាមេរិក និង​កាណាដា កាល​ពី​ចុង​ខែ​កញ្ញា រហូត​ដល់​ដើមខែ​តុលា កន្លង​មក​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហុឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d