ភ្នំពេញៈ កម្ពុជាបាននាំចេញកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ ទឹកប្រាក់សរុបជិត ១៥០ លានដុល្លារ នារយៈពេល ៤ ខែដើមឆ្នាំ ២០២២ កើនជាង ១៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបានបង្ហាញថា ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូចាប់ពីខែមករាដល់ដំណាច់ខែមេសា ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ១៤៩,៨០ លានដុល្លារ កើនឡើង ១៦,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ១២៨,៥៨ លានដុល្លារ។ ចំនួនទឹកប្រាក់នៃការនាំចេញកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ គឺស្មើជិត ២ ភាគរយនៃការនាំទំនិញចេញសរុបរបស់កម្ពុជារយៈពេល ៤ ខែ ដែលមាន ៧ ៦០៦,៣ លានដុល្លារ។
ដោយឡែកសម្រាប់ខែមេសា ឆ្នាំ ២០២២ ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូមានទឹកប្រាក់ ៣២,១១ លានដុល្លារ កើន ៧៣,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ១៨,៥ លានដុល្លារ។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅក្នុងថ្ងៃទី ១២ ខែឧសភាថា ស្ថានភាពទីផ្សារនាំចេញកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២២ បានបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។ លោកបន្តថា ជាក់ស្តែងបរិមាណការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ (មិនគិតផលិតផលធ្វើអំពីកៅស៊ូ) ក្នុងអំឡុងពេល ៤ ខែ គឺមានចំនួន ៧៩ ៣៥៨ តោន កើនឡើង ២ ២២៣ តោន ស្មើនឹង ៣ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
លោកថ្លែងថា៖ «កត្តាដែលជំរុញឱ្យការនាំចេញកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូកើនឡើង គឺមានដូចជា កត្តាតម្រូវការទីផ្សារអន្តរជាតិកើនឡើង, ភាពប្រសើរឡើងនៃកំណើនសេដ្ឋកិច្ចសកលនៅប្រទេសមួយចំនួន (ការគ្រប់គ្រងជំងឺកូវីដ ១៩ មានប្រសិទ្ធភាព), និងអាកាសធាតុអំណោយផលល្អដល់ការប្រមូលផល, ព្រមទាំងផ្ទៃដីត្រូវចៀរជ័រនៅកម្ពុជាកើនឡើងជាងឆ្នាំមុន»។
ទោះបីយ៉ាងណា លោក ហ៊ឹម អូន ប្រាប់ថា សម្រាប់តម្លៃជ័រកៅស៊ូគឺមិនកើនឡើងទេ ដោយរយៈពេល ៤ ខែ ដើមឆ្នាំ ២០២២ ជ័រកៅស៊ូ មានតម្លៃជាមធ្យម ១ ៦០៥ ដុល្លារ ក្នុង ១ តោន ថយចុះ ៦១ ដុល្លារបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ហ៊ឹន ពិសី
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២