លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ខេត្តកំពង់ធំ គ្រោងនឹងបង្កើតមជ្ឈមណ្ឌលគ្រាប់ស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ជាពិសេសដល់ប្រទេសដូចជាប្រទេសទួរគី មជ្ឈិមបូព៌ា និងទីផ្សារសហភាពអឺរ៉ុប។
ថ្លែងប្រាប់ខ្មែរថាមស៍កាលពីម្សិលមិញ លោក ស៊ុយ កុកធាន មានប្រសាសន៍ថា លោកបានពិភាក្សាជាមួយពាណិជ្ជករមកពីប្រទេសទួរគី និងសហរដ្ឋអាមេរិក ដើម្បីស្វែងរកប្រភពមូលនិធិសម្រាប់ការបង្កើតមជ្ឈមណ្ឌលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។
លោកថា កិច្ចសហប្រតិបត្តិការរវាងសមាគមស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី និងអ្នកវិនិយោគអន្តរជាតិ គឺដើម្បីលើកកម្ពស់វិស័យគ្រាប់ស្វាយចន្ទី ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។
លោក កុកធាន បានមានប្រសាសន៍ថា «យើងចង់បង្កើតមជ្ឈមណ្ឌលគ្រាប់ស្វាយចន្ទីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមការងាររបស់យើងបានចាប់ផ្តើមប្រមូលព័ត៌មានចាំបាច់ពីសហគ្រាសនៅទូទាំងប្រទេស ដើម្បីស្វែងរកសហគ្រាសណាដែលមានបំណងចង់ចូលរួមក្នុងការបង្កើតមជ្ឈមណ្ឌលនៅខេត្តកំពង់ធំ»។
លោកបន្តថា៖ «យើងមានគម្រោងបង្កើតមជ្ឈមណ្ឌលនេះក្នុងរដូវប្រមូលផលនៅឆ្នាំក្រោយ ដើម្បីឱ្យយើងអាចទទួលការបញ្ជាទិញ និងចាប់ផ្តើមដំណើរការសម្រាប់ការនាំចេញ។ បច្ចុប្បន្ន ក្រុមការងារកំពុងវាយតម្លៃសមត្ថភាពដំណើរការរបស់យើង ហើយយើងនឹងបន្តពិភាក្សាអំពីបញ្ហានេះ»។
លោក កុកធាន មានសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់ផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារធំៗ ដោយសារបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីពីរលើពិភពលោក។ ក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ កម្ពុជានឹងអាចឈរលេខ១ក្នុងពិភពលោក។
«យើងចង់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសតួគី មុនពេលចូលទៅទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា។ ទីផ្សារទាំងពីរនេះគឺធំ នោះហើយជាមូលហេតុដែលយើងត្រូវបង្កើតក្រុមធំមួយ ដើម្បីទទួលការបញ្ជាទិញពីពួកគេ»។
សូមជម្រាបថា ប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីមួយលើពិភពលោកគឺប្រទេសកូតឌីវ័រ ខណៈកម្ពុជាបានវ៉ាដាច់ឥណ្ឌាជាប្រទេសធំទីពីរ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mirarth GreenTech ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានចាប់អារម្មណ៍លើការកសាងរោងចក្រធំៗចំនួនពីរនៅក្នុងខេត្តកំពង់ធំ។
សម្រាប់អត្ថបទដើម សូមអាននៅទីនេះ
ដោយ៖ Mom Kunthea
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
ព័ត៌មាន៖ ខ្មែរ ថាមស៍