Robert Bosch GmbH ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Bosch Cambodia Co Ltd និងជាក្រុមហ៊ុនវិស្វកម្ម និងបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលមានទីស្នាក់ការនៅប្រទេសអាល្លឺម៉ង់ បានបញ្ជូនតំណាងខ្លួនមួយរូប ដើម្បីពិនិត្យមើលលទ្ធភាពនៃការបើករោងចក្ររបស់ខ្លួននៅកម្ពុជា។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Alexander Weichsel អ្នកគ្រប់គ្រងពាណិជ្ជកម្មនៃក្រុមហ៊ុន Bosch នៅទីក្រុង Nuremberg ប្រទេសអាល្លឺម៉ង់។
លោកឧបនាយករដ្ឋមន្ត្រីកំពុងដឹកនាំគណៈប្រតិភូទៅបំពេញបេសកកម្មនៅសហភាពអឺរ៉ុប ដើម្បីទាក់ទាញវិនិយោគបរទេសមកក្នុងវិស័យអាទិភាពរបស់កម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា។
ក្នុងកិច្ចពិភាក្សានោះ លោក ស៊ុន ចាន់ថុល បានជម្រាបប្រាប់លោក Weichsel ថា រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់វិស័យឯកជនឱ្យស្វែងរកឱកាសវិនិយោគដែលមានក្នុងប្រទេសកម្ពុជា រួមមានវិស័យកសិកម្ម កសិ-ឧស្សាហកម្ម យានយន្ត អេឡិចត្រូនិក ថាមពលកកើតឡើងវិញ និងឧស្សាហកម្មទេសចរណ៍។
ដោយកត់សម្គាល់ពីសក្តានុពលរបស់ក្រុមហ៊ុន លោកបានជំរុញឱ្យលោក Weichsel ពិចារណាជ្រើសរើសប្រទេសកម្ពុជាជាទីតាំងដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្ម ផ្គត់ផ្គង់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។
អ្នកគ្រប់គ្រងក្រុមហ៊ុន Bosch បានផ្តល់ការឆ្លើយតបជាវិជ្ជមាន ដោយសន្យាថានឹងបញ្ជូនតំណាងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម ដើម្បីពិនិត្យលម្អិតក្នុងការរៀបចំបើករោងចក្រថ្មីនៅកម្ពុជា។
នាថ្ងៃដដែលនោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានជួបជាមួយលោក Christiane Riefler-Karpa នាយកគ្រប់គ្រងក្រុមហ៊ុន Memmert GmbH ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ និងផលិតឧបករណ៍មន្ទីរពិសោធន៍។
ក្នុងជំនួបនោះ ក្រុមការងារ Mememrt បានធ្វើបទបង្ហាញពីសកម្មភាពអាជីវកម្ម និងទីតាំងផលិតកម្មក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយធ្វើទំនើបកម្មបរិក្ខារផលិតកម្ម ដើម្បីផលិតឧបករណ៍ប្រើប្រាស់ក្នុងលក្ខណៈសេដ្ឋកិច្ច និងអំណោយផលដល់បរិស្ថាន។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ Nhean Chamrong
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
ព័ត៌មាន៖ ខ្មែរ ថាមសិ៍