ក្រុមហ៊ុនយក្សចំនួន ៦ បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរអាមេរិកឱ្យបានច្រើនថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែខ្លាំងដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។
ការសន្យានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិច-អាស៊ាន(US-ASEANBusiness Council – US-ABC) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមហ៊ុនធំៗចំនួន៦នេះ គឺជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council–US-ABC)រួមមាន៖ ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Ford,ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Pfizer,ក្រុមហ៊ុន Visa និងក្រុមហ៊ុន Vriens& Partners។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ជំនួបនេះដើម្បីពិភាក្សាការងារសំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ពិសេសវិស័យដឹកជញ្ជូន និងសាធារណការឱ្យកាន់តែមានភាពល្អប្រសើរឡើង។
លោកបានបន្តថា៖ «ជំនួបពិភាក្សានេះ ចង់ស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំបន់អាស៊ា នដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខសំដៅចូលរួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ១៩ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍរបស់កម្ពុជា ពិសេសបង្ហាញនូវការគាំទ្ររបស់សហគមន៍អ្នកជំនួញអាមេរិកសម្រាប់ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ»។
លោកស៊ុន ចាន់ថុល បានបន្ថែមថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភ័ស្តុភារកម្ម នៅតែជាយុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ខ្លាំងក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។
ជាក់ស្តែង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតក៏គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ ខណៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក៏បានរៀបចំសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ក៏កំពុងស្វែងរកដៃគូវិនិយោគលើកិច្ចការងារនេះថែមទៀត។
សម្រាប់អត្ថបទទាំងមូល សូមចូលទៅកាន់តំណភ្ជាប់នេះ
អ្នករៀបរៀង៖ សែម ពិសី
ប្រភព៖ ភ្នំពេញ ប៉ុស្ដិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ២8 កុម្ភៈ ២០២៣