ផលិតកម្មគ្រាប់ស្វាយចន្ទី(កែច្នៃ)កម្ពុជាបានចាប់ផ្តើមបង្ហាញសក្តានុពលរបស់ខ្លួនលើទីផ្សារអន្តរជាតិ ដោយមានក្រុមហ៊ុនមកពីកោះតៃវ៉ាន់គ្រោងនឹងបញ្ជាទិញក្នុងបរិមាណ ៣ ពាន់តោនសម្រាប់នាំចេញទៅទីផ្សារកោះតែវ៉ាន់។ នេះបើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៨ ខែមីនា លោក ស៊ីឡុត បានឱ្យដឹងថា បន្ទាប់ពីពិនិត្យឃើញសក្តានុពល គុណភាព និងរសជាតិនៃផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនមានមូលដ្ឋាននៅកោះតៃវ៉ាន់ Ju Hua Chang International Co., Ltd បានបង្ហើបពីគម្រោងក្នុងការបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃរួច ពីបណ្តាសិប្បកម្ម/រោងចក្រនៅកម្ពុជាក្នុងបរិមាណ ៣ ពាន់តោន សម្រាប់នាំចេញទៅទីផ្សារកោះតៃវ៉ាន់ ខណៈកាលពីសប្តាហ៍មុន ក្រុមហ៊ុនទើបនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃជាង ២តោន (២ ៣១៣គីឡូក្រាម)ទៅទីផ្សារតៃវ៉ាន់ ពីការបញ្ជាទិញពីសហគ្រាសចំនួន ២ នៅកំពង់ធំ និងបន្ទាយមានជ័យ។
លោកបញ្ជាក់ថា នេះជាការបើកផ្លូវដំបូងសម្រាប់គម្រោងប្រមូលទិញគ្រាប់ស្វាយចន្ទីកែច្នៃទៅកោះតៃវ៉ាន់របស់ក្រុមហ៊ុន Ju Hua Chang International Co., Ltd។
លោកបន្តថា សម្រាប់ផែនការបញ្ជាទិញក្នុងបរិមាណ ៣ ពាន់តោននាពេលខាងមុខ គឺពាណិជ្ជករតៃវ៉ាន់ ហ៊ានឱ្យតម្លៃខ្ពស់ជាងបណ្តាពាណិជ្ជករបរទេសដទៃទៀត ហើយព្រមទាំងហ៊ានចុះកិច្ចសន្យាផ្តល់ជាទុនបង្វិល ៥០ភាគរយមុនដើម្បីឱ្យសហគ្រាសផលិត(សិប្បកម្ម/រោងចក្រ)មានថវិកាយកទៅប្រមូលទិញគ្រាប់ឆៅមកស្តុកទុកសម្រាប់កែច្នៃតាមការបញ្ជាទិញរបស់ខ្លួន។
លោកថ្លែងថា៖«សម្រាប់រយៈពេល ៣ ឆ្នាំ គឺក្រុមហ៊ុននេះគ្រោងប្រមូលទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាក្នុងបរិមាណ ៣ ពាន់តោន ដែលស្មើនឹងប្រហែល ៣០ភាគរយនៃតម្រូវការក្នុងទីផ្សារតៃវ៉ាន់»។
លោកបន្តថា៖«ដោយសារបរិមាណនេះច្រើន ដូច្នេះក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការពីសមាគមស្វាយចន្ទីកម្ពុជាដើម្បីស្វែងរកសហគ្រាសណាដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានការតាំងចិត្តខ្ពស់ដើម្បីធ្វើការជាមួយគ្នា»។
បើតាមលោក ស៊ីឡុត រហូតមកដល់ពេលនេះមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៣ រួចហើយដែលបានព្រមព្រៀងកែច្នៃគ្រាប់ស្វាយចន្ទីផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Ju Hua Chang International Co., Ltd។ លោកអះអាងថា៖«យើងរំពឹងថា នឹងអាចមានសិប្បកម្ម/រោងចក្របន្ថែមទៀតយល់ព្រមជាមួយក្រុមហ៊ុន Ju Hua Chang International Co., Ltd ដើម្បីកែច្នៃ និងលក់ទៅឱ្យក្រមហ៊ុនតាមតម្រូវការ»។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៨ មីនា ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍