(បាត់ដំបង)៖ ម្ចាស់អាជីវកម្មនៅកម្ពុជា កំពុងទទួលបានការផ្សាភ្ជាប់ទៅកាន់ទីផ្សារតំបន់អាស៊ាន និងទីផ្សារពិភពលោកកាន់តែទូលំទូលាយតាមរយៈ ការចូលទស្សនាគេហទំព័រ ASEAN Access និង KhmerSME។
នេះបើតាមលោក ឈា ឡាយហ៊ី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងបញ្ជាក់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីគេហទំព័រ ASEAN Access និង KhmerSME ស្តីពី «ថ្នាលព័ត៌មានឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងអាស៊ាន» នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង។
លោកបានថ្លែងថា គោលបំណង នៃសិក្ខាសាលានេះ គឺធ្វើការផ្សព្វផ្សាយលម្អិតអំពីគេហទំព័រ ASEAN Access និង KhmerSME ឲ្យបានទូលំទូលាយជូនទៅដល់ម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងកំពង់ឆ្នាំង ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមពីអត្ថប្រយោជន៍ ក៏ដូចជារបៀបប្រើប្រាស់គេហទំព័រទាំងពីរនេះ ដើម្បីជាប្រយោជន៍របស់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនទៅកាន់តំបន់អាស៊ាន និងពិភពលោក។
លោកបានបន្ថែមថា គេហទំព័រទាំងពីរនេះត្រូវបានរចនាឡើងដើម្បីផ្តល់ឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងក្នុងតំបន់អាស៊ានអាចចូលប្រើប្រាស់ព័ត៌មានអាជីវកម្មដោយមានភាពងាយស្រួល និងផ្សារភ្ជាប់ឲ្យកាន់តែទូលំទូលាយទៅក្នុងទីផ្សារតំបន់អាស៊ាន និងទីផ្សារពិភពលោក។
លោក ឈា ឡាយហ៊ី បានបញ្ជាក់ថា ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឲ្យទទួលបានព័ត៌មានអាជីវកម្មគ្រប់ជ្រុងជ្រោយ ក្រសួងបានខិតខំប្រឹងប្រែងបង្កើតជាគោលនយោបាយ និងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដែលមានដូចជាគេហទំព័រ ASEAN Access (www.aseanaccess.com) និង KhmerSME (www.khmersme.gov.kh) ដើរតួដ៏សំខាន់ក្នុងការផ្ដល់ព័ត៌មានអាជីវកម្ម ដូចជាផ្នែកច្បាប់ បទប្បញ្ញត្តិ គោលនយោបាយលើកទឹកចិត្ត បច្ចេកទេស និងការនាំចេញនាំចូលក្នុងស្រុក និងតំបន់អាស៊ាន ហើយគេហទំព័រទាំងពីរ ក៏មានមុខងារពិសេសក្នុងការគាំទ្រ SMEs ដែលមានសេវាកម្មគាំទ្រដល់អ្នកផ្គត់ផ្គង់សេវា (Service Provider) ឲ្យចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវា ដើម្បីធ្វើការផ្សព្វផ្សាយអាជីវកម្មអោយកាន់តែប្រសើរឡើង។
លោក ឈា ឡាយហ៊ី បានលេីកឡេីងដែរថា ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានជំរុញឲ្យក្រុមការងារបន្តផ្សព្វផ្សាយធ្វេីយ៉ាងណាឲ្យគេហទំព័រ khmerSME នេះ បញ្រ្ជាបដល់បណ្តាល SME នៅក្នុងស្រុកទទួលបានជាប្រយោជន៍ និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងការជំរុញផលិតផល ដល់សេវាកម្មរបស់ខ្លួនឲ្យបានចូលក្នុងទីផ្សាដេីម្បីប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅប្រទេស។
លោកបានសង្កត់ធ្ងន់ថា ខេត្តបាត់ដំបងជាខេត្តដែលអំណោយផលខាងវិស័យកសិកម្មដាំដុះ និងផលិត ព្រមទាំងហេដ្ឋារចនាសម្ព័ន រដ្ឋបាលខេត្តក្នុងការធ្វើ និងផ្គូផ្គងអាជីវកម្មរវាងខេត្តជិតខាង ដើម្បីពង្រឹងសក្តានុពលវិស័យកសិកម្ម និងផលិតកម្មក្នុងស្រុកអោយកាន់តែរឹងមាំ ដើម្បិឈានទៅកាន់ការធ្វើអាជីវកម្មជាមួយប្រទេសជិតខាង។
លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងអាស៊ាន SME នៃទីភ្នាក់ងារ GIZ បានលើកឲ្យដឹងថា ការបង្កើតគេហទំព័រ ASEAN Access (www.aseanaccess.com) និង KhmerSME (www.khmersme.gov.kh) នេះឡើងគឺ ដើម្បីឲ្យវិស័យសហគ្រាសធុនតូច និងមធ្យម ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីបណ្តាបំបន់អាស៊ាន និងពិភពលោក។
លោកស្រីបានបន្ថែមថា ទីភ្នាក់ងារ GIZ និងប្តេជ្ញា បន្តធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផែនការសកម្មភាពរបស់គម្រោង និងបន្តសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដែលជាដៃគូសហប្រតិបត្តិការល្អក្នុងការលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យម។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានលើកពីសក្កានុពលក្នុងខេត្តបាត់ដំបង ដែលជាគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលជាប៉ូលសេដ្ឋកិច្ចទី៤ ដើម្បីគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម វិស័យសេវាកម្ម និងផលិតកម្ម ដែលនឹងផ្សាភ្ជាប់ទៅនឹងការលើកកម្ពស់សេដ្ឋកិច្ចតាមបណ្តោយព្រំដែនកម្ពុជា និងប្រទេសជិតខាង។
លោកបានបន្ថែមថា នាថ្ងៃអនាគត នឹងមានការរៀបចំកសាងហេដ្ឋារចនាសម័្ពន្ធ ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សារក្រៅប្រទេស។
លោកបានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាររបស់គេហទំព័រ ASEAN Access (www.aseanaccess.com) និង KhmerSME (www.khmersme.gov.kh) គឺជាពេលវេលាដ៏សមស្រប ដែលអាចឲ្យបណ្តាអាជីវករនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាខេត្តដទៃទៀត ទទួលបានការចែករំលែកតាមរយៈការប្រើប្រាស់គេហទំព័រទាំងពីរខាងលើ ដើម្បីបានជាប្រយោជន៍ ក្នុងការទទួលបានព័ត៌មានទាន់ពេលវេលាក្នុងការកាត់បន្ថយទាំងថ្លៃដើមនៃផលិតកម្ម និងសេវាកម្មរបស់ខ្លួន។
លោកបានថ្លែងអំណរគុណដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទទួលបានគាំទ្រពីទីភ្នាក់ងារ GIZ ក្នុងការជ្រើសយកខេត្តបាត់ដំបង ជាខេត្តគោលដៅក្នុងការផ្សព្វផ្សាយគេហទំព័រ ASEAN Access (www.aseanaccess.com) និង KhmerSME (www.khmersme.gov.
kh) សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) Impact Hub ភ្នំពេញ (Impact Hub) Support Her Enterprise Co., Ltd (SHE Investments) និងគាំទ្រដោយកិច្ចសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់ ក្រោមគម្រោង “ពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅអាស៊ាន” (ASEAN-SME) អនុវត្តដោយទីភ្នាក់ងារ GIZ ដែលមានសមាសភាពចូលរួមចំនួនប្រមាណ ១៣០នាក់។
គួរបញ្ជាក់ថា គេហទំព័រ KhmerSME (www.khmersme.gov.kh) គឺជាគេហទំព័រផ្តល់ព័ត៌មានឌីជីថលតែមួយគត់នៅកម្ពុជា ដែលគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបាននឹងកំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទាំង២៥រាជធានី-ខេត្ត៕